បន្ទាយមានជ័យ : ការនាំម៉ូតូពីថៃមកកម្ពុជាតាមខេត្តបន្ទាយមានជ័យ មន្ត្រីគយនិយាយថា ចូលតាមច្រកព្រំដែនអន្តរជាតិឬច្រកតំបន់ ឬជួនកាលតាមច្រករបៀងផងក៏មានអាជ្ញាប័ណ្ណឬច្បាប់អនុញ្ញាតិពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករដែរ។ អ្នកនាំចូលបានប្រកាសដល់គយជាមុន។
លោក ជា ប៊ុនថន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកព្រំដែនតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យអោយដឹងតាមទូរស័ព្ទថ្ងៃទី១៨ ខែតុលាថា ការនាំចូលម៉ូតូគ្រប់ប្រភេទពីប្រទេសថៃតាមច្រកតំបន់បឹងត្រកួន ឬជួនកាលសល់ខ្លះនាំចូលតាមច្រករបៀងគឺមនុស្សនាំចូលរបស់ក្រុមហ៊ុនបានសុំអាជ្ញាប័ណ្ណនាំចូល(អ៊ីនវ៉យ:Invoice) ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករជាមុន ឯមន្ត្រីគយតាមច្រកនិងគោលដៅចាំទទួលពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ។
លោកបន្តថា ៖ ការបង់ពន្ធគយបែបនេះ មិនស្ថិតក្នុងខ្ទង់បង់ពន្ធគយធម្មតានិងបូកបន្ថែមការផាកពិន័យឡើយ។ តែការនាំចូលគ្មានក្រុមហ៊ុន គ្មានអ៊ីនវ៉យនឹងត្រូវបង់ពន្ធគយនិងថែមការផាកពិន័យ។
លោក ជា ប៊ុនថន និយាយបន្តថា នៅច្រកនេះកន្លងមកនិងបច្ចប្បន្នមានក្រុមហ៊ុន៤-៥ បានឆ្លាស់វេនគ្នាសុំអ៊ីនវ៉យពីអគ្គនាយកដ្ឋានគយ ហើយនាំចូលតាមនេះ ក្នុង១ក្រុមហ៊ុនតូចៗ មាន២ទៅ៥គ្រឿងក្នុង១ថ្ងៃៗ។
លោកអះអាងថា ការនាំម៉ូតូ ឬដល់រថយន្តផងដែរ មុនមែនអាចនាំតែតាមច្រកព្រំដែនអន្តរជាតិដូចជាប៉ោយប៉ែតនោះទេ។ គឺអគ្គនាយកដ្ឋានគយអាចចារអនុញាតឲ្យនាំចូលតាមច្រកព្រំដែនផ្សេងទៀតក៏បាន។ ដូចជាកាលឆ្នាំ២០១៦ ច្រកនេះក៏នាំចូលឡានថ្មី២០-៣០គ្រឿងផងដែរ។
ដូចជាកន្លងមកនិងបច្ចប្បន្នមាន ក្រុមហ៊ុន៤-៥បានឆ្លាស់វេនគ្នាអោយមនុស្សខ្លួនសុំអាជ្ញាប័ណ្ណនាំចូលម៉ូតូស៊េរីទំនើបចម្រុះតាមច្រកនេះ ដូចជាក្រុមគ្លូប៊ល ឌីមេន អ៊ឹមផត អិចផត( Global Demand Import Export Co.,Ltd) មានភរិយាលោកខែម សុភ័ណ្ឌ ជាអ្នកនាំចូលស្របច្បាប់ជាដើម។ ប៉ុន្តែប្រភពផ្សេងទៀតថា កន្លងមកមានម៉ូតូស៊េរីទំនើបដូចគ្នានេះ ត្រូវគេនាំចូលតាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ តាមច្រករបៀងចម្ការគស្រុកស្វាយចេក ដែលស្របច្បាប់ដែរ។ ហើយក៏មានការបង្ក្រាបខ្លះដោយអត់ច្បាប់។ ករណីនោះ លោកជា ប៊ុនថននិយាយថា នោះជាកន្លែងទទួលខុសត្រូវផ្ទាល់ពីមន្ត្រីគយសាខា។ សូមរំលឹកថា កន្លងមកថ្មីៗនេះមានព័ត៌មានក្នុងស្រុកនិង បណ្តាញសង្គមខ្លះ បានផ្សាយថា ម៉ូតូដែលដឹកនឹងឡានទាំងឡានៗជាម៉ូតូគេចពន្ធនាំចូលពីថៃខុសច្បាប់ ។ ហើយក៏មានមន្ត្រីសមត្ថកិច្ចខ្លះបានឃុបឃិត អាងខ្នង អាងអំណាចទៅរកស៊ីនាំចូលម៉ូតូគេចពន្ធជាដើម។
ករណីចោទប្រកាន់នេះ លោកប្រធានការិយាល័យគយច្រកបឹងត្រកួនបានបដិសេធថា. បើអ្នកឬក្រុមហ៊ុននាំចូលហ៊ានដឹកម៉ូតូទាំងឡានចឹងហើយ ដូចជាមិនអាចប្រថុយគេចពន្ធឡើយ។ តែបើមានចូលតាមច្រករបៀង ហើយជិះគេច នោះអាចមានបន្លំខ្លះ។ ទោះយ៉ាងណា ក៏នៅចៀសមិនរួចពីត្រូវគយចល័តខេត្តនិងគយចល័តក្រសួងបង្ក្រាបមិនខាន។ បើបង្ក្រាបមិនបាន ក៏ម្ចាស់នឹងចូលប្រកាសបង់ពន្ធគយនិងបង់ផាកពិន័យដែរ។ ដូច្នេះប្រការដែលថា មាននរណា ទោះមានអំណាច មានទ្រព្យយ៉ាងណាក៏មិនអាចហ៊ានឬអាងខ្នងអាងខ្សែ រកស៊ីនាំចូលម៉ូតូអត់ពន្ធដែរ។ ឯមន្ត្រីគយវិញក៏មិនប្រថុយប្រថានអោយមានករណីរត់ពន្ធបែបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរ។
លោក ពេជ វ៉ាន់ធី ជំនួយការប្រធានសាខាគយនិងរដ្ឋការខេត្តបន្ទាយមានជ័យអោយដឹងល្ងាចថ្ងៃទី១៨តុលាថា៖ ពិតជាមានក្រុមហ៊ុន៣-៤ នាំម៉ូតូពីថៃចូលមកខេត្តបន្ទាយមានជ័យតាមច្រកទ្វារព្រំដែនតំបន់បឹងត្រកួននិងច្រកតំបន់ម៉ាឡៃមែន ។ ក្រុមហ៊ុនទាំងនោះ នាំចូលម៉ូតូដោយមានអ៊ីនវ៉យ(Invoice)ពីអគ្គនាយដ្ឋានគយ ហើយកន្លងមកមកពួកគេក៏មិនហ៊ាននាំចូលម៉ូតូគេចពន្ធដែរ។ តែបើមាន អាចជាបុគ្គលឯកជនបានឆក់ឱកាសម្តងម្កាល តែក៏គេចមិនរួចពីការបង្ក្រាបដែរ។
លោក ពេជ វ៉ាន់ធី អោយដឹងបន្តថា៖ ចំពោះច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានក្រុមហ៊ុនហុងដា ធំជាអ្នកនាំចូលម៉ូតួ ឬក៏មានក្រុមហ៊ុនតូវខ្លះដែរ ក្នុងនោះមានក្រុមហ៊ុនWeller Transport & Import Export Co.,Ltdជាដើម។
លោកបន្ថែមថា បើជាក្រុមហ៊ុន គេតែងនាំចូលម៉ូតូដោយស្របច្បាប់ មានសុំអ៊ីនវ៉យគយមុន ប្រកាសមុន ហើយនាំមកតាមច្រកព្រំដែនផ្លូវការ។ ប៉ុន្តែប្រភពផ្សេងទៀតអោយដឹងថ្ងៃទី១៩តុលាថា ៖ ដូចថ្មីៗនេះ មានករណីគយចល័តនៃអគ្គនាយកដ្ឋានប្រចាំខេត្តបន្ទាយមានជ័យស្ទាក់ចាប់ម៉ូតូទំនើបៗរត់ពន្ធនិងទំនិញមួយចំនួនខណ: លោក ឈុន សុវណ្ណារី ប្រធានក្រុមទើបតស៊ូវិលចាប់បានតំណែងនេះវិញនោះ ម៉ូតូទាំងនោះជារបស់បុគ្គលឯកជមក្រៅពីក្រុមហ៊ុន។ ហើយគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យក៏មានស្ទាក់បង្ក្រាបបានដែរ។ ប៉ុន្តែ គយក៏មិនបដិសេដដែរថា មានបុគ្គលខ្លះបានលួចបន្លំប្រើឈ្មោះក្រុមហ៊ុនដើម្បីឆ្មក់នាំចូលម៉ូតូរាយមួយចំនួនដែរ។
លោក ខែម សុភ័ណ្ឌ អ្នកមានស្តង់ម៉ូតូលក់នៅក្រុងសិរីសោភ័ណអោយដឹងថ្ងៃទី១៨តុលាថា: ភរិយាលោកបានទទួលម៉ូតូពីក្រុមហ៊ុនគ្លូប៊ល ឌីមេន អ៊ីមផតអិចផតដោយបង់ពន្ធគយនិងមានអ៊ីនវ៉យជាមុន។ កន្លែងលោកមិនដែលអាងខ្នង អាងអំណាចនរណា ហើយទៅរកស៊ីខុសច្បាប់ រាប់ទាំងមិនដែលនាំចូលម៉ូតូគេចពន្ធគយនោះដែរ។
ឯលោក យឹម សុភ័ណ ម្ចាស់ស្តង់ម៉ូតូមួយផ្សេងទៀត នៅក្រុងសិរីសោភ័ណដែររអោយដឹងថ្ងៃទី១៨តុលាដែរថា ៖ គ្រួសារលោកនាំចូលម៉ូតូបង់ពន្ធគយត្រឹមត្រូវតាមរយ:ក្រុមហ៊ុន Weller Transport & Import Export Co.,Ltd ដោយភាគច្រើនចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជួនកាលតាមច្រកតំបន់នៅខេត្តបន្ទាយមាមនជ័យនិងបាត់ដំបងជាដើម៕ដោយ : បន្ទាយ