Wednesday, June 29, 2022

ទីបំផុត ម្ចាស់ «​រោងចក្រ​ផលិត​ទារក​» ឈ្នះ​សិទ្ធិ​ធ្វើជា​ឪពុក​សំរាប់​​កូន​១៣​នាក់​ស្របច្បាប់​ហើយ​!

​យោងតាម BBC ចុះផ្សាយ​នៅ​​ថ្ងៃទី​២០ កុម្ភៈ ​ឲ្យ​ដឹងថា តុលាការក្រុង​បាងកក ថ្មីៗ​នេះ បានផ្តល់ «​សិទ្ធិ​ជា​ឪពុក​» ដល់​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ចំពោះ​កូនៗ​របស់គាត់​ចំនួន ១៣ នាក់ ដែល​គាត់​ក្លាយជា​ឪពុក​របស់​ពួកគេ តាមរយៈ«​ម្តាយ​»​ជនជាតិ​ថៃជាច្រើន​នាក់ ដែល​ស៊ី​ឈ្នូ​ល «​ពពោះ​​» ឲ្យគាត់ ។​

​សេចក្តីសម្រេច​របស់​តុលាការ​បានអនុញ្ញាត​ឲ្យ​លោក Mitsutoki Shigeta អាយុ ២៨ ឆ្នាំ បាន​បន្ត​ឃុំគ្រង​កូនៗ​ទាំងនោះ​របស់គាត់ ។​

​បុរស​ជា​កូនមហា​សេដ្ឋី​ផ្នែក​ជំនួញ​ជនជាតិ​ជប៉ុន​រូបនេះ បាន​បង្ក​ភាពចម្រូងចម្រាស​កាលពី​ឆ្នាំ ២០១៤ នៅពេលដែល​គាត់​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹងថា គាត់​ជា​ឪពុក​នៃ​ទារក​យ៉ាងតិច ១៦ នាក់ តាមរយៈ «​សេវា​ពពោះ​ជំនួស​» នេះ​នៅក្នុង​ប្រទេស​ថៃ ។​

​ករណី «​រោងចក្រ​ទារក​» ដ៏​ល្បីល្បាញ​របស់គាត់ និង​មួយចំនួនទៀត បាន​នាំ​ប្រទេស​ថៃ​ធ្វើការ​ហាមឃាត់​ដល់​ស្ត្រី​ទាំងឡាយ​រកស៊ី «​ពពោះ​ជំនួស​ឲ្យ​គេ​» សម្រាប់​ជនបរទេស​ផងដែរ ។​

​លោក Shigeta ដែល​ពុំ​បង្ហាញ​វត្តមាន​នៅក្នុង​តុលាការ ត្រូវបាន​ផ្តល់​សិទ្ធិ «​ជា​ឪពុក​តែ​ម្នាក់​គត់​» បន្ទាប់ពី​ស្ត្រី​ជនជាតិ​ថៃ​ស៊ីឈ្នួល​ពពោះ​ទាំងនោះ បាន​បោះបង់​សិទ្ធិ​មើលថែ​របស់​ពួកគេ ។​

​តុលាការ​យុត្តិធម៌​កណ្ដាល​ក្រុង​បាងកក បាន​និយាយថា​៖ «​សម្រាប់​សុភមង្គល និង​ឱកាស​ដែល​កូន​ទាំង ១៣ នាក់​នោះ នឹង​ទទួលយក​ពី​ឪពុក​ជីវសាស្ត្រ​របស់​ពួកគេ ដែល​ពុំមាន​ប្រវត្តិ​ប្រព្រឹត្ត​នូវ​ទង្វើ​អាក្រក់​នោះ​, ហេតុនេះ​តុលាការ​បានសម្រេច​ថា កូនៗ​ទាំង​១៣​នាក់ ដែល​បានកើត​ចេញពី​ម្តាយ​ស៊ីឈ្នួល​ពពោះ​ឱ្យគេ គឺជា​កូនៗ​ស្របច្បាប់​របស់​ដើមបណ្តឹង​» ។​

​លោក Shigeta ក៏ត្រូវ​បានផ្តល់​សិទ្ធិ​ឃុំគ្រង​កូនៗ​របស់គាត់ ៣ នាក់ ផ្សេងទៀត នៅក្នុង​ឆ្នាំ​២០១៥ ។​

​នៅក្នុង​ឆ្នាំ ២០១៤ គាត់​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ប៉ូលីស Interpol សម្រាប់​ករណី​ជួញដូរ​មនុស្ស បន្ទាប់ពី​រឿងរ៉ាវ​បាន​បែកធ្លាយ ដែល​គាត់​បាន​ធ្វើជា​ឪពុក​នៃ​កូនៗ​ពពោះ ១៦ នាក់ នៅក្នុង​ប្រទេស​ថៃ ។​

​ផ្ទះ​របស់គាត់​នៅក្នុង​ទីក្រុង​បាងកក ត្រូវបាន​ប៉ូលីស​ឆ្មក់​ចូល ហើយ​ពួកគេ​បាន​រកឃើញ​ទារក​ពពោះ ៩ នាក់​, ស្ត្រី​អ្នកបម្រើ និង​ម្តាយ​ស៊ីឈ្នួល​ពពោះ ដែល​កំពុងមាន​ផ្ទៃពោះ​ម្នាក់​ផងដែរ ។​

​គាត់​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ភ្លាមៗ បន្ទាប់​រឿងនេះ​ផ្ទុះឡើង ប៉ុន្តែ ក្រោយមក គាត់​បាន​ប្តឹងទៅ​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស ដើម្បី​ទទួលបាន​សិទ្ធិ​ឃុំគ្រង​កូនៗ​របស់គាត់ ។

តាម Telegraph ប៉ូលីសនិយាយថា បុរសរូបនេះបានបង់ថ្លៃឈ្នួលដល់ស្រ្តីពពោះទាំងនោះក្នុងម្នាក់ៗចន្លោះពី ៩,៣០០ ដុល្លារ ទៅ ១២,៥០០ ដុល្លារ ៕ ចន្ទី