Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់ នៃ​ការចេញ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ ទៅ​ព្រះរាជអាជ្ញា​ដើម្បី​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង​ម៉ឺងម៉ាត់​បំផុត​លើ​បុគ្គល​ឈ្មោះ​សមរង្ស៊ី​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

ភ្នំពេញ​៖​ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ត​ធម៌ បញ្ជាក់​ចំនួន ០៣​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់ នៃ​ការចេញ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ ទៅ​ព្រះរាជអាជ្ញា​ដើម្បី​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង​ម៉ឺងម៉ាត់​បំផុត​លើ​បុគ្គល​ឈ្មោះ​សមរង្ស៊ី​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ កាលពីពេល​ថ្មីៗ​នេះ ។​

​អ្នកនាំពាក្យ​ក្រសួង​យុត្ត​ធម៌ បញ្ជាក់ថា​៖ ១.​ការប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ មិនមែនជា​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ​នៃ​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​លើ​ស្មារតី​មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

២. ការចេញ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​យុត្តិធម៌ មិនមែន​ជាការ​ធ្វើតាម​ការបង្គាប់បញ្ជា​របស់​ស្ថាប័ន​ឬ​ឥស្សរជន​ណា​នោះទេ តែ​គឺជា​ការអនុវត្ត​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងនាម​ជា​រដ្ឋមន្ត្រី​យុត្តិធម៌ និង​ស្របតាម​បញ្ញត្តិ​មាត្រា​២៩ នៃ​ក្រម​នីតិ​វិធិ​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​ការពារ​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ ដែល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជាតិ​ខ្មែរ​។​

៣. ការចេញ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ដល់​ស្ថាប័ន​អយ្យការ មិនមែនជា​ការរំលោភ​បំពាន​លើ​អំណាចតុលាការ​នោះទេ ព្រោះថា​រដ្ឋមន្ត្រី​យុត្តិធម៌​ជា​ប្រធាន​ថា​នា​នុ​ក្រម​នៃ​ស្ថាប័ន​អយ្យ​ការដែល​តំណាងឱ្យ​ស្ថាប័ន​នីតិ​ប្រ​ត្តិ​ប​ត្តិ ក្នុងការ​អនុវត្ត​នយោបាយ​ព្រហ្មទណ្ឌ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​ការពារ​និង​ថែរក្សា​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ និង​ផលប្រយោជន៍​ជាតិ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×