ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និងមហាជនបានទទួលជ្រាបហើយ ជុំវិញរឿងរ៉ាវរបស់អ្នកស្រី ទ្រី សុផានិត ដែលត្រូវបានប្អូនស្រីខ្លួនអ្នកស្រី ទ្រី ដាណា បានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើងជាដើម ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានោះផងដែរ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺនៅពេលបញ្ចូនខ្លួនចូលដល់ក្នុងតុលាការ អ្នកស្រី ទ្រី សុផានិត ហាក់មានការតក់ស្លុតខ្លាំងពេក និងណាមួយសរសៃនៅខ្ចីសម្រាលកូនទើបបាន៣ ទៅ ៤ ខែ បានដួលសន្លប់ភ្លាមៗ ជាហេតុធ្វើឲ្យសមត្ថកិច្ចសម្រេចអនុញ្ញាត ឲ្យក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។
តែយ៉ាងណា ដោយហាក់បានដឹងពីកំហុសខ្លួន និងក្រោយសន្លប់អស់ពេលជិត ២ សប្តាហ៍ ខណៈអាការជំងឺរាងប្រសើរជាងមុន អ្នកស្រី ទ្រី សុផានិត ក៏សម្រេចចិត្តឡាយវីដេអូសុំទោសប្អូនស្រីខ្លួនអ្នកស្រី ទ្រី ដាណា ជាសាធារណៈ ប៉ុន្តែ ដោយសារអាការៈអង្គុយពុំបានយូរ អ្នកស្រីបានឡាយតែប៉ុន្មាននាទីប៉ុណ្ណោះ។
ទោះយ៉ាងណា ដោយហាក់នៅមិនអស់ចិត្តនឹងការចេញមុខសុំទោសទៅដល់ប្អូនស្រីលើកទី១មានរយៈខ្លីពេក និងក៏ដូចខានឡាយ ជួបពុកម៉ែបងប្អូនជិត២ខែ អ្នកស្រី ទ្រី សុផានិត ក៏បានចេញមុខឡាយសុំទោសអ្នកស្រី ទ្រី ដាណា ជាលើកទី២ ខណៈសុខភាពបានល្អប្រសើរច្រើន និងមុខមាត់ក៏ស្រស់បោះផងដែរ។
តាមរយៈការឡាយកាលពីវេលាម៉ោង ៧ និង ៣២ នាទី យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ អ្នកស្រី ទ្រី សុផានិត បានធ្វើការសុំទោសប្អូនស្រីខ្លួនជាលើកទី២ទាំងរំជួលចិត្តថា៖ «ដាណា ចែឡាយជាលើកទី២នេះ គឺចែចង់បង្ហាញពីទឹកចិត្តរបស់ចែ ចែពិតជាសុំទោសដល់ប្អូនស្រីដោយចិត្តស្មោះ និយាយរួមទៅជាថ្មីម្តងទៀតនេះ ជាលើកទី២នេះគឺដោយចិត្តស្មោះអស់ពីបេះដូងរបស់បងស្រី… ហេតុនេះ ចែសង្ឃឹមថាប្អូនស្រីបានដឹង និងព្រមអភ័យទោស លើកលែងទោសដល់ចែដោយក្តីអនុគ្រោះ ចំពោះរឿងដែលបានកន្លងហួស ដែលចែបានធ្វើខុសឆ្គងកន្លងមកហ្នឹង អ៊ីចឹងសូមប្អូនស្រីអភ័យទោសដល់ចែដោយក្តីអនុគ្រោះផងចុះ ចែដឹងថា ដាណា ប្អូនមានចិត្តទូលាយ ប្អូននឹងលើកលែងទោសឲ្យចែហើយ ព្រោះថា ចែឡាយជាសាធារណៈជាលើកទី២នេះ គឺចេញពីចិត្ត សុំទោសប្អូនដោយទឹកចិត្តស្រឡាញ់ស្មោះត្រង់ ហេតុនេះសូមបងប្អូនជួយស៊ែរឲ្យបានដល់ប្អូនស្រីខ្ញុំផង ហើយប្អូនស្រីបានឃើញហើយលើកលែងទោសឲ្យបងផងចុះ ចា៎! រឿងដែលកន្លងមកហ្នឹងបងពិតជាបានដឹងខុស…។
អ្នកនាង ទ្រី សុផានិត ក៏បានបញ្ជាក់បន្ថែមលើការសុំទោស និងក៏ដូចសុំចិត្តប្អូនស្រីខ្លួន ទ្រី ដាណា ឲ្យធ្វើរឿងនេះថា៖ «ដាណា បើប្អូនបានឃើញហើយ សូមប្អូនលើកលែងទោសឲ្យបងផង ហើយប្រសិនបើបងឡាយសុំទោសជាសាធារណៈលើកទី២នេះហើយ តែប្អូនស្រីអត់ទាន់ត្រជាក់ចិត្ត ឬ អត់ពេញចិត្តអ្វីទៀត បងស្រីនឹងធ្វើលិខិតសុំទោសប្អូនបន្ថែមទៀតជាផ្លូវការ អ៊ីចឹងសូមបងប្អូនជួយស៊ែរបានដល់ប្អូនស្រីខ្ញុំ ដាណា បានយល់បានដឹងផង ហ្នឹងហើយ បងដឹងថាប្អូនស្រីបងចិត្តទូលាយ អ៊ីចឹងសូមប្អូនលើកលែងទោសឲ្យបងផង ហើយប្រសិនបើប្អូនលើកលែងឲ្យបងហើយ សូមប្អូនជួយដកពាក្យបណ្តឹងវិញផង ចា៎ អគុណ ចា៎ជួយដកផងណាប្អូន…។
ក្រោយឃើញបែបនេះ មហាជនជាច្រើនបានសម្តែងនូវក្តីត្រេកអរ និងរំភើបជំនួសជាខ្លាំង ដោយបានលើកឡើងថា៖ «គ្រាន់តែប៉ុណ្ណឹងបងដាណាអត់ទោសឲ្យហើយ(ចង់ឃើញបងប្អូនបងត្រូវគ្នាវិញ), បងស្រីឈប់សេពគប់ជាមួយមនុស្សខូចទៀតទៅ ព្រោះនាំឲ្យបងមិនមានភាពថ្លៃថ្នូរ, ដាណាប្រហែលយំហើយ ពេលស្ដាប់សំដីរបស់បងស្រី,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង