ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃ ២០ កុម្ភៈ ឲ្យដឹងថា លោកស៊ូថេប អតីតមេក្លោង នៃគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យកែទម្រង់ប្រជាជន (PDRC) -ក្រុមអាវលឿង បានមានផែនការបង្កើតគណបក្សនយោបាយមួយ ក្នុងគោលបំណងគាំទ្រនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចារ ដើម្បីបានបន្តរក្សាតំណែងបច្ចុប្បន្នក្រោយការបោះឆ្នោតសកលខាងមុខនេះ។ លោក Watchara Petchthong, អតីតតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យដែលគេដកស្រង់សម្តីបាននិយាយថា គណបក្សនោះនឹងត្រូវបានដាក់ឈ្មោះតាមមូលនិធិគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យ ប្រជាជន ដែលបច្ចុប្បន្នមានលោកស៊ូថេប ធ្វើជាប្រធាន។
លោក Watchara ក៏និយាយថា គណបក្សថ្មីនេះនាំឲ្យមានឥទ្ធិពលដល់គណបក្សប្រជាធិបតេយ្យដោយហេតុថា សមាជិកបក្ស និងតំណាងរាស្ត្រមួយចំនួននៃគណបក្សនេះ នឹងមកចូលរួមគណបក្សថ្មីរបស់លោកស៊ូថេប។
មកទល់ពេលនេះ លោកស៊ូថេប ពុំទាន់ឃើញមានសេចក្តីថ្លែងការណ៍អ្វីឡើយ។
គួររំលឹកឡើងវិញថា កាលពីដើមឆ្នាំ ២០១៣ លោកស៊ូថេប បានលាលែងចេញពីតំណែងអគ្គលេខាធិការប្រជាធិបេតេយ្យ ហើយចាកចេញពីគណបក្សនេះ តែម្តង ដើម្បីបង្កើត PDRC បំណងបំផុសចលនាបាតុកម្មទាមទារផ្តួលរំលំអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ក្រោយពេលដែលរដ្ឋការរបស់អ្នកស្រីនេះ បានបង្កើតច្បាប់លើកលែងទោស ហើយដែលតាមអ្នករិះគន់ នោះគេថា ៖ វាជាការបើកផ្លូវឲ្យបងប្រុសថាក់ស៊ីន វិលត្រឡប់មកវិញ។
បាតុកម្មគគ្រឹកគគ្រេងរបស់ PDRC បានដើរតួនាទីសំខាន់ បង្កឲ្យមានវិបត្តិនយោបាយអំឡុងឆ្នាំ ២០១៣-២០១៤ ។
បាតុកម្មទាំងនេះជាមូលដ្ឋានសម្រាប់ឧត្តមសេនីយ៍ប្រាយុទ្ធ ដែលនៅពេលជាមេបញ្ជាការកងទ័ពថ្មើរជើងដឹកនាំធ្វើរដ្ឋប្រហារនៅខែឧសភា ឆ្នាំ ២០១៤។
ក្រោយមកលោកស៊ូថេប បានរំលាយ PDRC ចោល រួចបង្កើតមូលនិធិគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យប្រជាជននៅឆ្នាំ ២០១៥៕ សូយន