ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តនេះ កាលពីថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានរៀបចំការប្រកួតអុកចត្រង្គ ពានរង្វាន់អង្គរសង្ក្រាន្តឆ្នាំ២០១៨ ដោយមានបេក្ខជន មកពីខេត្តកំពត និងខេត្តព្រះសីហនុ បានចូលរួមប្រកួតប្រជែង។
ទាក់ទិនការប្រកួតនេះ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ប្រចាំខេត្តនេះ ដែលបានអញ្ជើញជាអធិបតី បើកការប្រកួតអុកចត្រង្គ ពានរង្វាន់អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ មានប្រសាសន៍ថា ការប្រកួតនេះ គឺជាវគ្គប្រកួតជម្រុះប្រចាំតំបន់ ដែលតាមគម្រោងមានខេត្តជាប់សមុទ្រចំនួន ៤ ត្រូវបញ្ជូនបេក្ខជនមកចូលរួមប្រកួត រួមមានខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។
ប៉ុន្ដែលោកថា ការប្រកួតជាក់ស្តែង គឺមានតែខេត្តចំនួន ២ទេ បានបញ្ជូនបេក្ខជនមកចូលរួមប្រកួត គឺខេត្តកំពត និងខេត្តព្រះសីហនុ។ ក្នុងនោះ ខេត្តព្រះសីហនុ មានបេក្ខជនចូលរួមប្រកួតចំនួន ៨នាក់ និងខេត្តកំពត ចំនួន ៦នាក់។ ការប្រកួតលេងអុកចត្រង្គ កាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នាខេត្តព្រះសីហនុ បេក្ខជន ដែលទទួលបានជ័យលាភីឈ្នះការប្រកួតនេះ និងត្រូវឡើងទៅប្រកួតបន្ត គឺបានទៅលើបេក្ខជនរស់នៅខេត្តព្រះសីហនុ។
លោក ស៊្រុន ស៊្រន់ អោយដឹងថា ការប្រកួតអុកចត្រង្គនេះ ក្រោមប្រធានបទ ” មរតកដូនតាខ្មែរ ” ដោយមានបេក្ខជនមកពីខេត្តកំពត និងខេត្តព្រះសីហនុ សរុបចំនួន ១៤រូប បានចូលរួមប្រកួតប្រជែង៕ ដែន សីមា