នាង Alisa Kingkan បានប្រាប់ Amarin TV ឲ្យដឹងថា ខណៈនាងបានកំពុងដើរផ្សាររាត្រីមួយនៅក្នុងតំបន់ជាមួយបងស្រី កាលពីថ្ងៃអាទិត្យ នៅពេលនោះពួកនាងបានដើរឆ្លងកាត់ស្តង់មួយដែលផ្តល់សេវាសាក់ ដែលមានតម្លៃចាប់ពី ២០ បាត ឡើងទៅ។
បន្ទាប់ពីបង្ហាញរូបតំណាងនៃផ្កាដាន់ដេលីន (Dandelion) ដែលនាងចង់ចាក់ នៅពេលនោះ ម្ចាស់ហាង (ជាងសាក់) ក៏បាននិយាយថា គាត់អាចសាក់រូបនេះឲ្យបានក្នុងតម្លៃទាប ៣០០ បាត។
តែយ៉ាងណា ខណៈជាងសាក់កំពុងដាក់ទឹកថ្នាំ និងរៀបចំធ្វើការសាក់នៅលើស្មា នារីវ័យ ២៦ ឆ្នាំ រូបនេះក៏មានអារម្មណ៍ព្រួយចិត្តជាខ្លាំង នៅពេលដែលជាងសាក់ចាប់ផ្តើមជក់បារី និងផឹកស្រាបៀរ។
តាមរយៈការផុសនៅក្នុងហ្វេសប៊ុក នាង Alisa បានសរសេរថា នាងបានចាប់ផ្តើមស្រែកយំភ្លាមៗ នៅពេលនាងក្រឡេកមើលកញ្ចក់ ដើម្បីមើលលទ្ធផលដែលបានបញ្ចប់។
ជាការពិតណាស់ ជំនួសឲ្យផ្កាដាន់ដេលីន (Dandelion) នោះសាក់ទាំងនោះនៅលើស្មារបស់ Alisa បែរទៅជាដើមឈើ បក្សីហោះហើរលើអាកាស និងខ្លះទៀតមើលទៅដូចឈើឆ្កាងគ្រីស្ទាន។
នាងបានសរសេរថា៖ «ខ្ញុំមិនមែនបានទៅសាក់ ក៏ព្រោះតែដោយសារវាមានតម្លៃថោកនោះទេ សូមបងប្អូនកុំយល់ច្រឡំ។ តើអ្នកណានឹងគិតថា វានឹងក្លាយជាបែបនេះ?»។
Alisa ក៏បានឲ្យដឹងថា ម្ចាស់ហាងគឺត្រូវទទួលខុសត្រូវចំពោះការមិនសប្បាយចិត្តរបស់នាង ព្រោះថា នេះគឺជារូបគំនូរទៅវិញ។
ជាមួយគ្នានោះផងដែរ នៅក្នុងការខិតខំដើម្បីលួងលោមនាង ជាងសាក់ក៏បាននិយាយថា គាត់អាចព្យាបាលជួសជុលស្នាមសាក់នេះឲ្យបាន។ តែយ៉ាងណា Alisa ពុំបានសម្រេចចិត្តឲ្យជាងសាក់នោះធ្វើបន្តទៀតទេ ព្រោះខ្លាចកាន់តែអាក្រក់ជាងនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង