សៀមរាប៖ ប្រិយមិត្តជាច្រើនប្រាកដណាស់ជាបានទទួលជ្រាបហើយ ទាក់ទងអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗ ជាពិសេសស្វា ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័ក មុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។
តែទោះយ៉ាងណា ក្រោយពីបានឃើញក្រុមអាជ្ញាធរទាំងនោះ បានបញ្ចេញវិធានការហិង្សាបាញ់ទម្លាក់សត្វស្វាឲ្យរងរបួស និងខ្លះគ្រោះថ្នាក់រហូតងាប់ និងពិសេសនោះ គឺចាប់យកទាំងស្វាដែលស្លូតៗ ជាហេតុធ្វើអ្នកស្រឡាញ់សត្វ និងក៏ដូចបងប្អូនក្រុមអ្នករកស៊ីថតរូបនៅតំបន់អង្គរ ធ្វើការប្រឆាំងជំទាស់ និងបង្កឲ្យមានការប៉ះសម្តីគ្នាយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រោយឃើញរូបភាពដ៏គួរឲ្យសង្វេគ និងពិសេសការប្រើពាក្យសម្តីដូចពាល ពីសំណាក់អាជ្ញាធរម្នាក់ ទៅលើក្រុមអ្នកតវ៉ា រហូតធ្វើចោទប្រកាន់ពួកគាត់ទាំងមិនសមហេតុផលថា ស្វាទាំងនោះប្រែចរិកកាចសាហាវដោយសារតែពួកគាត់ផ្តល់ចំណីឲ្យស៊ី ព្រោះតែស្វាទាំងនោះផ្តល់ផលប្រយោជន៍ដល់ពួកគាត់ លោកឧកញ៉ា ហ៊ុន ជា មានការហួសចិត្តពេក ក៏បានព្រលះឲ្យយ៉ាងធ្ងន់ៗ។
ក្នុងនោះ លោកឧកញ៉ា ហ៊ុន ជា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដោយសួរទៅកាន់អស់លោកទាំងនោះបែបនេះថា៖ «ធ្វើអ៊ីចឹងឡូយមែនអស់លោក? អាសត្វស្វាវាមិនដែលចេះខុសទេ ព្រោះវាមិនចេះចាយលុយ ហើយគ្មានលុយដើរទិញស្អីសុី អាមនុស្សមួយចំនួនទេដែលធ្វើខុស ហើយធ្វើចរិកដូចសត្វស្វាវិញ ចាំមើល បុព្វបុរសខ្មែរ កាច់កហើយ»។
លោកឧកញ៉ា ហ៊ុន ជា ក៏នៅបានដាក់បន្ថែមយ៉ាងចាក់ដោតទៀតថា៖ «ខុសហើយមកពីស្វា ឯងគ្មានលុយទិញស្អីស៊ី, បិទភ្នែក បិទមាត់ បិទត្រចៀកខ្លះទៅ ពួកខ្ញុំគ្មានផ្ទះនៅទេ ពូៗ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង