ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ និងមានទឹកដមសំនៀងផ្អែមរណ្តំចិត្តលោក ខាន់ ជេមស៌ ត្រូវបានចាត់ទុកថាគឺជាតារាចម្រៀងមួយរូប នៅតែដក់ជាប់ក្នុងដួងចិត្តមហាជនជាអ្នកស្តាប់ដដែល រហូតមកទល់សព្វថ្ងៃនេះ។
ជាការពិតណាស់ គឺរាល់បទបទចម្រៀងពីរោះៗស្តាប់មិនចេះជិនណាយរបស់លោក ខាន់ ជេមស៍ ដែលភាគច្រើនជាបទមនោសញ្ចេតនា ក្នុងនោះដូចជាបទល្បីៗ៖ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” និងព្រមទាំងបទចម្រៀងពិរោះៗជាច្រើនទៀតរាប់មិនអស់ តែងទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជនមិនថាមនុស្សចាស់ ឬ យុវវ័យ នោះទេ។
ដោយឡែក កាលពីម្សិលមិញនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខណៈកំពុងតែ Live ឡាយលក់ផលិផល និងក៏ដូចផ្តល់រង្វាន់ឈុតធុងបាស់ខារ៉ាអូខេ ទៅដល់អ្នកមានសំណាងដែលបាន Share & Like ផេក ដោយអមនឹងការច្រៀងលេងកម្សាន្តក្នុងស្ទឌីយោរបស់ខ្លួន ស្រាប់តែ ខាន់ ជេមស៍ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្ទើរមិនគួរឲ្យជឿ ក្រោយបានដឹងថាសម្តេចតេជោ ហ៊ុន សែន បានចូលស៊ែរវីដេអូនៃការ Live នេះ។ ក្នុងនោះ សម្តេចក៏បានចូល Comment ថា «ជូនពរកូនមានជោគជ័យ»។ ក្រោយបន្តិចមកទៀត សម្តេចក៏បាន Comment ថា៖ “អរគុណកូនដែលបានច្រៀងបទពុក”។
ដោយក្តីរំភើបខ្លាំងឥតឧបមា នឹងពាក្យទាំងពីររបស់សម្តេច ជាហេតុធ្វើឲ្យ ខាន់ ជេមស៌ ស្ទើរទប់អារម្មណ៍ពុំបាន រហូតដួលដើមក ឡើងស្រក់ទឹកភ្នែក និងច្រៀងលែងទៅមុខ ហើយក៏បានធ្វើឲ្យហ្វេនៗកំពុងតាមដានការ Live នាំគ្នារំជួលចិត្តតាមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង