ភ្នំពេញ៖ រឿងរ៉ាវទាក់ទងនឹងការចាប់ស្វានៅក្នុងតំបន់អង្គរ ពីសំណាក់អាជ្ញាធរអប្សរា តាមរយៈវិធីដ៏ឃោរឃៅបាញ់ទម្លាក់ពីដើមឈើដោយគ្មានបច្ចេកទេស បណ្តាលឲ្យស្វារងរបួស និងខ្លះទៀតគ្រោះថ្នាក់ស្លាប់ ឃើញថាបានបង្កឲ្យកើតមានរលកកំហឹងយ៉ាងខ្លាំងក្លារហូតមកទល់ពេលនេះ ពីសំណាក់មហាជនជាអ្នកស្រឡាញ់សត្វ។
លើសពីនេះផងដែរ អ្វីដែលគេគួរឲ្យស្អប់ជាខ្លាំងនោះ គឺត្រង់សម្តីដ៏អសិលធម៌ និងគ្មានការពិចារណារបស់បុរសជាមន្ត្រីអាជ្ញធរម្នាក់ ទៅលើក្រុមអ្នកតវ៉ាជាអ្នកថតរូប Youtube ដោយចោទប្រកាន់ហាក់មិនទំនងថា ពួកគាត់ជាអ្នកធ្វើឲ្យស្វាទាំងនោះកាចសាហាវ ដោយសារពួកគាត់ជាអ្នកឲ្យចំណីពួកវាស៊ី។
ជុំវិញរឿងរ៉ាវដ៏កក្រើកនេះផងដែរ គេក៏បានឃើញអ្នកល្បីៗជាច្រើននៅលើបណ្តាញសង្គម បានចេញប្រតិកម្មយ៉ាងខ្លាំងក្លា ក្នុងនោះដូចជា៖
១- កញ្ញា ឌួង ហ្សូរីដា ដែលជាអ្នកស្រឡាញ់សត្វម្នាក់ ដោយអត់ទ្រាំពុំបាននឹងទង្វើដ៏ឃោឃៅនេះ បានបង្ហោះសារយ៉ាងឈឺចាប់ថា៖ «ខ្ញុំក៏ធ្លាប់ស្វានៅទីនោះខ្វាច ទាចេកពីដៃ រហូតមានស្នាមឈាម និងសន្លាកដែរ តែខ្ញុំមិនធ្លាប់ប្រកាន់ខឹងនឹងពួកគាត់ ព្រោះសត្វក្តី មនុស្សក្តី មានការស្រេកឃ្លាន និង មានលក្ខណៈគួរឲ្យស្រឡាញ់ផ្សេងៗគ្នាពូម្នាក់នេះ កាយវិការនិងសម្តី មិនស័ក្តិសមនឹងមន្ត្រីបម្រើប្រជាជនទេ…! លោកគួរតែមាននីតិវិធីក្នុងការចា ប់ពួកគេដោយជំនាញ ដោយដាក់ចំថ្នាំសណ្តំក្នុងចំណី ហើយនាំពួកគេយក ទៅកន្លែងផ្សេងចេញពីទីនេះ…!សួរថា មុននឹងប្រើនីតិវិធីបាញ់ទម្លាក់ពួកគេរហូតមានរបួសស្នាម និងស្លាប់ហ្នឹង លោកមាន បានធ្វើការពិភាក្សាជាមួយថ្នាក់លើ ហើយឬនៅ ?
លោកនិយាយមក បន្ទោសមនុស្ស ឬតាយាយ ឬភ្ញៀវជាអ្នកឲ្យចំណី បានជាពួក គេធ្លាប់…!ចុះលោកមានធ្លាប់គិតវិញទេថា ស្នាមញញឹមនៃសត្វស្វាទាំងនេះ ទាំងតូចធំ បំបៅដោះកូន ពរកូនមុខក្រោយ ដែលបង្ហោះផ្សព្វផ្សាយទូទាំងពិភពលោក ឲ្យទេសចរណ៍គេស្គាល់ថា ពួកគេទាំងនេះរស់នៅក្នុងទឹកដីអង្គរនៃយើង ម៉េចមិនសរសើរក្រុមពូៗអ្នកថតផង ? ចុះអ្នកថតរូបសម្អាងការ ថតរូបផ្សាយពាណិជ្ជកម្មផ្សេងៗជាលក្ខណៈបុគ្គលសោះ មិនពាក់ពន្ធ័នឹងផលប្រយោជន៍ជាតិសោះ ហេតុអ្វីមានការអនុញ្ញាតិឲ្យថតស្ទើរគ្រប់កន្លែង ខ្ញុំ និងក្រុមគ្រួសារខ្ញុំ ពិតជាមានប្រតិកម្មចំពោះចំណាត់ការដ៏ឃោ ឃៅ នេះណាស់ សួរថា បើលោកជាសត្វស្វាមួយក្បាលនោះវិញ ត្រូវគេបាញ់ទម្លាក់មកស្លាប់ តើប្រពន្ធ កូនលោកឈឺចាប់នូវការព្រាត់ប្រាស់លោកអត់? លោកគួរតែបន្ថយឥរិយាបទអ សីលធម៌ចំពោះតាយាយ និងអ្នកថែររក្សានៅទីនោះផង វិធីសាស្ត្រនៃការចរចាមានច្រើន ហេតុអ្វីលោកនិយាយបែបនេះ មកកាន់ពួកគាត់ ?ទ្រាំ២ថ្ងៃហើយ ថាមិននិយាយទេ….! តែទប់លែងបាន ប៉ះអ្នកស្រឡាញ់សត្វដូចខ្ញុំ តែបើអ្នកមិនស្រឡាញ់ ដឹងតែមិនយល់ទេ»។
២- កញ្ញា Catherine Harry ម្ចាស់ផេក A Dose of Cath ក៏បានពន្យល់យ៉ាងចាក់ដោត ទៅកាន់អស់លោកអ្នកបាញ់ទម្លាក់ស្វាដោយហិង្សា និងគ្មានបច្ចេកទេសថា៖ «មនុស្សយើងមកក្រោយគេទេ។ នៅពេលដែលយើងយកផ្ទះរបស់គេហើយ ត្រូវគិតផងថា តើឲ្យគេនៅកន្លែងណា? មានវិធីសាស្ត្រច្រើនណាស់ក្នុងការដោះស្រាយដោយមានមនុស្សធម៌ មិនមែនប្រើហិង្សា និងការសម្លាប់បែបនេះទេ។
និយាយថាស្វាខាំទៅឈឺ ចុះយើងសម្លាប់គេ បាញ់គេ សួរថាគេអត់ចេះឈឺទេ? សត្វក៏មានជីវិតដែរ មិនមែនមានតែមនុស្សទេ។ នៅប្រទេសមួយចំនួន គេដោះស្រាយបញ្ហានៅពេលដែលសត្វព្រៃមានទំនាស់ជាមួយមនុស្សដោយប្រើមនុស្សធម៌បាន។ ហេតុអ្វីបានជាយើងធ្វើមិនបាន? ឬការសម្លាប់វាងាយស្រួលជាង ហើយយើងមិនខ្វល់ព្រោះយើងមិនមែនជាអ្នកឈឺ? »។
៣- លោក ផែង វណ្ណៈ ឯណេះវិញក៏បានដាក់ប៉ុន្មានឃ្លាឲ្យក្រុមអាជ្ញាធរអប្សរាទាំងនោះបានភ្លឺភ្នែកថា៖ «អស់អ្នកឈ្លោះមែន បានមកឈ្លោះ ជាមួយស្វា? អ្នកជំនាញ ផ្នែកសត្វព្រៃចំណាយលុយ និងពេលវេលាច្រើន ណាស់ ទម្រាំបង្ហាត់បង្រៀនសត្វព្រៃឲ្យចេះ រស់នៅសម្របខ្លួនជាមួយមនុស្សចេះសំដែង ។ ល។ ខុសអីតែស្រុកខ្ញុំ ឃើញសត្វមានទំនាក់ទំនងល្អ ជាមួយមនុស្សបែរជាដេញចាប់ ដេញបាញ់ឲ្យគ្នាទៅឆ្ងាយ ទៅវិញ ។ សត្វមិនខុសពីមនុស្សទេ គឺមានល្អនិងមានអាក្រក់ដូចតែគ្នា។ បើសត្វណាអាក្រក់ដេញចាប់សត្វនោះ យកចេញឲ្យឆ្ងាយ ឬយកទៅដាក់ក្នុងទ្រុងទៅ គឺចប់បញ្ហាហើយតែបើមកដេញសត្វស្វាទាំងល្អ ទាំងអាក្រក់ចេញ បែបនេះខ្ញុំមិនគាំទ្រទេ »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង