ភ្នំពេញ៖ ដោយការបន្តប្តេជ្ញាចិត្តលើការការអភិវឌ្ឍសមត្ថភាពយុវជន ក្នុងតំបន់អាស៊ាន ស៊ីអាយអឹមប៊ី គ្រុប (CIMB Group) ផ្តល់នូវអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅគ្រប់សាកលវិទ្យាល័យល្បីឈ្មោះ នៅជុំវិញពិភពលោក។ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ អាហារូបករណ៍អាស៊ានរបស់ CIMB បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់សិស្សនិស្សិតខ្មែរទាំងអស់ ដែលទើបតែបញ្ចប់ថ្នាក់ទី១២ ឬកំពុង់សិក្សាថ្នាក់បរិញ្ញាបត្រ និងមានអាយុក្រោម ២៤ឆ្នាំ។
អាហារូបករណ៍នេះ ផ្តល់ជូនដល់សិស្សនិស្សិត ដែលមានអាយុក្រោម២៤ឆ្នាំ ស្ថិតក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ សិស្សនិស្សិតទាំងអស់ អាចជ្រើសរើសមុខវិជ្ជាសិក្សាណាមួយក៏បាន ដែលខ្លួនពេញចិត្ត សម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍របស់ CIMB។
អាហារូបករណ៍អាស៊ានរបស់ CIMB ផ្តល់ជំនួយឧបត្ថម្ភពេញលេញ ១០០% រួមមានថ្លៃសិក្សា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដំណើរកម្សាន្តមកស្រុកកំណើត សេវាធានារ៉ាប់រង ព្រមទាំងថ្លៃចំណាយផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់និស្សិត គឺឱកាសការងារជាបុគ្គលិកហាត់ការ និងពេញសិទ្ធិ ក្នុងចំណោមសាខារបស់ CIMB Group ទូទាំងតំបន់ ទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។ ក្រៅពីនេះ និស្សិតអាហារូបករណ៍ ទទួលបានការយកចិត្តទុកដាក់ និងតម្រង់ទិសពីធនាគារ CIMB សម្រាប់ការសិក្សា និងការបណ្តុះបណ្តាល ដែលជាឱកាសភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក និងគណៈគ្រប់គ្រងជាន់ខ្ពស់ រួមទាំងការចូលរួមក្នុងកម្មវិធីតំបន់អាស៊ាននានា របស់ CIMB ទៀតផង។
ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយ ក្នុងតំបន់អាស៊ាន ធនាគារ CIMB ដែលជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប បាននាំយក និងបន្តខិតខំផ្សព្វផ្សាយយ៉ាងសកម្ម ដល់សិស្សនិស្សិតកម្ពុជា អំពីអាហារូបករណ៍អាស៊ានរបស់ CIMB។ លោកស្រី អ៊ុំ ចិន្តាភក្តី ជានាយិកាធនធានមនុស្ស របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «អាហារូបករណ៍របស់ CIMB នេះ គឺជាឱកាសមាស សម្រាប់សិស្សនិស្សិតខ្មែរ ដើម្បីចាប់យកឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗ និងឱកាសការងារនៅ CIMB។ ការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយនេះ នឹងគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល ស្របតាមចក្ខុវិស័យរបស់ CIMB Group។ តាងនាមឱ្យ CIMB Group នៅកម្ពុជា ខ្ញុំសូមលើកទឹកចិត្តដល់សិស្សនិស្សិតខ្មែរទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ហើយនេះគឺជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលមាននិស្សិតខ្មែរយើងកន្លង បានប្រឡងជាប់កម្មវិធីអាហារូបករណ៍នេះ»។
កន្លងមក មាននិស្សិតខ្មែរឆ្នើមមួយរូបផងដែរ ក្នុងចំណោមនិស្សិតក្នុងបណ្តាប្រទេសតំបន់អាស៊ានដទៃទៀត ដែលទទួលបានអាហារូបករណ៍របស់ CIMB នេះ។ យុវត្តី ងួន ពញ្ញានាត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ McGill នៃប្រទេសកាណាដា បានឲ្យដឹងថា៖ «ឥឡូវនេះ ខ្ញុំពិតជាពេញចិត្តការសិក្សារបស់ខ្ញុំ នៅទីនេះ ជាមួយនឹងគុណភាពអប់រំស្តង់ដារពិភពលោក រួមទាំងបរិយាកាសថ្មីៗ ដែលខ្ញុំបានរៀនសូត្រពីនេះ ហើយខ្ញុំសូមអរគុណ ដល់ស៊ីអាយអិមប៊ី ដែលផ្តល់ឲ្យខ្ញុំទទួលបានអាហារូបករណ៍ដ៏មានតម្លៃនេះ។ មិនតែប៉ុណ្ណោះ គ្រូតម្រង់ទិសរបស់ CIMB បានផ្តល់មធ្យោបាយ និងជួយគាំទ្រដល់ខ្ញុំយ៉ាងពេញទំហឹង លើការសម្រេចចិត្ត ទាក់ទងនឹងការសិក្សា និងអាជីព។ ខ្ញុំជឿជាក់ថា មិត្តនិស្សិតខ្មែរទាំងអស់ ក៏អាចទទួលបានអាហារូបករណ៍របស់ CIMB ផងដែរ»។
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអិមប៊ី ផ្តល់ជូនមុខវិជ្ជាសិក្សាដ៏ទូលំទូលាយ រួមមានពាណិជ្ជកម្ម/ការគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ការចៃ្នប្រឌិត និងភាពជាសហគ្រិន ការគ្រប់គ្រងហានិភ័យ វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល គណិតវិទ្យា វិទ្យាសាស្ត្រពិត ការស្រាវជ្រាវប្រតិបត្តិការ ទំនាក់ទំនង ច្បាប់ វិស្វកម្ម និងមុខវិជ្ជាដទៃទៀត។
អាហារូបករណ៍អាស៊ានរបស់ CIMB ឆ្នាំ២០១៨ បើកទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។ សម្រាប់លក្ខខណ្ឌដាក់ពាក្យស្នើសុំ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cimb.com/aseanscholarship ៕ ដោយ៖កូឡាប