ជនស៊ីវិលយ៉ាងតិចណាស់ចំនួន ២៥០នាក់ បានស្លាប់ដោយសារការបាញ់ប្រហារ និងវាយប្រហារតាមដែនអាកាស នៅតំបន់ Ghouta ភាគខាងកើតប្រទេសស៊ីរី ត្រឹមរយៈពេល ៤៨ម៉ោង។ នេះបើតាមក្រុមសង្កេតការណ៏សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋនៅអង់គ្លេស និយាយកាលពីថ្ងៃអង្គារម្សិលមិញ។
ក្នុងចំណោមអ្នកស្លាប់ មាន ៥៨នាក់ជាកុមារ និង ៤២នាក់ជាស្ត្រី។ មនុស្សជាង ១.២០០នាក់ ក៏៏រងរបួសដោយសារវាយប្រហាររបស់របបស៊ីរីផងដែរនៅជាងក្រុង Damascus។
ក្រុមអ្នកសង្កេតការណ៏សិទ្ធិមនុស្សបានឲ្យដឹងថា ជនស៊ីវិលយ៉ាងតិច ១០៦នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារម្សិលមិញ។
ចំនួនអ្នកស្លាប់ដ៏ច្រើនេះ គឺជាចំនួនខ្ពស់បំផុត ចាប់តាំងពីមានការវាយប្រហារដោយអាវុធគីមី នៅក្នុងតំបន់ដដែលកាលពីឆ្នាំ ២០១៣ ដែលសកម្មជនសិទ្ធិមនុស្សនិយាយថា ពេលនោះស្លាប់មនុស្ស ១.៤០០នាក់។
ប្រធានពេទ្យនៅក្នុងតំបន់ Ghouta បានថ្លែងថា “នេះគឺជាថ្ងៃដ៏អាក្រក់បំផុតនៃជីវិតរបស់យើង។ ពួកយើងដែលនៅតំបន់នេះ ទទួលរងការវាយប្រហារតាមដែនអាកាសរបស់រយៈពេលជាង ៥ឆ្នាំមក ហើយវាមិនមែនជារឿងថ្មីសំរាប់ពួកយើងនោះទេ ប៉ុន្តែ ពួកយើងមិនដែលឃើញស្ថានភាពតឹងតែងបែបនេះសោះ”។
សូមបញ្ជាក់ផងដែរថា តំបន់ភាគខាងកើត Ghoutaគឺជាតំបន់ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាមអ៊ីស្លាមជាច្រើនក្រុម ហើយក្រុមមួយចំនួន បានចង់សម្ព័ន្ធមិត្តជាមួយនឹងក្រុមអាល់កៃដា (al Qaeda) ផងដែរ៕ សុភ័ក្ត្រ