ភ្នំពេញ ៖ អាជ្ញាធរស៊ីម៉ាក់ បានបញ្ជាក់ថាសរុបលទ្ធផលកិច្ចប្រតិបតិ្តការខែមករា ឆ្នាំ២០១៨ សម្រេចបាន ១២៤ភាគរយនៃផែនការ ដោយរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់បានចំនួន ៨.៣៤៥.៥០០មែត្រក្រឡា ស្នើនឹង៨៣៤ហិចតា ដោយរុករកឃើញកំទេចចោលគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រាប់ប្រភេទ មានចំនួន ៣.៨៣៤គ្រាប់ និង១៨៣.៥៤៩អំបែង។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា សកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ការងារស្រាវជ្រាវ ការងារហ្វឹកហ្វឺន ក៏ទទួលបានលទ្ធផលល្អផងដែរ និងការឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រជាជនបានចំនួន៣៩៦សំណើរ។
សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ លោក ហេង រតនា បានថ្លែងថា នៅឆ្នាំ២០១៧ ស៊ីម៉ាក់បានរុករក និងកម្ទេចចោលនូវគ្រាប់គ្រប់ប្រភេទអស់ ៤០.៩១៤គ្រាប់ ដោយបានរំដោះផ្ទៃដីជាង១១០គីឡូម៉ែត្រក្រឡា ហើយសម្រាប់ការងារបន្តនៅ ឆ្នាំ២០១៨ ស៊ីម៉ាកនឹងខិតខំរដោះផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន ១៤៧គីឡូម៉ែត្រក្រឡា ដែលប្រតិបត្តិការនេះ ស៊ីម៉ាកត្រូវការថវិកា ២០លានដុល្លារអាមេរិក៕ ដោយ៖បញ្ញាស័ក្តិ