ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារក្នុងទឹកប្រាក់ប្រមាណ៧លានដុល្លារ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិ និងលោកហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៨០០លានយ៉េន ប្រមាណ៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារៈចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕ ដោយ៖បញ្ញាស័ក្តិ