ភ្នំពេញ៖ គ្រាន់តែឮឈ្មោះភ្លាម នោះនរណាៗមិនស្គាល់កញ្ញា រ៉ូស ដែលជាតារាសម្តែងមួយរូប កំពុងទទួលការចាប់អារម្មណ៍ និងធ្វើឲ្យមហាជនតែងចូលចិត្តតាមដានជាខ្លាំង ព្រោះតែចង់ឃើញពីសកម្មភាពរបស់នាង ចេញមកម្តងៗគួរឲ្យចង់សើច។
ជាការពិតណាស់ កញ្ញា រ៉ូស បានចាប់ផ្តើមល្បីឈ្មោះរហូតមកទល់ពេលនេះ គឺក្រោយពីផ្ទុះរឿងក្នុងឆ្នាំ២០១៩ ទាក់ទងនឹងការថត MV ដ៏រោលរាលជាមួយតួប្រុស បង្កឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជនស្ទើរទូទាំងប្រទេស។ ហើយរឿងមួយទៀតក្នុងឆ្នាំ២០២០ ក៏ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការហួសចិត្តជាខ្លាំងផងដែរ គឺត្រង់ថាឲ្យមីងម្នាក់នៅលើ Tik Tok មិនស្គាល់ខ្លួនជានរណា គឺប្រៀបដូចមិនស្គាល់ក្រដាស ១០ ក្រដាស ២០ ឬ មិនស្គាល់វិមានឯករាជ្យ ជាដើម។
តែយ៉ាងណា ក្រៅពីអាជីពជាអ្នកសម្តែង រ៉ូស ក៏ចង់ក្លាយជាតារាចម្រៀងផងដែរ និងទីបំផុត ក៏បានចេញ MV បានមួយបទ។ ប៉ុន្តែ បើទោះជាមានទម្រង់ថ្គាមខ្លាគួរឲ្យច្រៀងពិរោះ តែតាមពិតសម្លេងរបស់ រ៉ូស ពុំដូចការរំពឹងទុកនោះទេ ពោលគឺច្រៀងម្តងៗ គឺប្រៀបដូចអានអក្សរអ៊ីចឹង។
ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញវីដេអូ រ៉ូស បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី «I Can See Your Voice Cambodia»។ ហើយភ្លាមៗនោះ ស្រាប់តែធ្វើឲ្យគណៈកម្មការស្រឡាំងកាំង ខកចិត្តជាខ្លាំង ក្រោយស្តាប់សំឡេងរបស់ រ៉ូស ហើយនិយាយចេញពីចិត្តត្រង់ៗថា «អត់ពីរោះ» សឹងតែទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង