ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ដែលទើបតែបញ្ចប់ទៅនេះ អង្គភាពស៊ីម៉ាក់បានធ្វើការរំដោះផ្ទៃដីចំការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩,២០០ហិចតា ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៣៩.២៤៩គ្រាប់។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា លាហើយឆ្នាំ២០២០ និងសួស្តីឆ្នាំ២០២១! ឆ្នាំ២០២០ បានកន្លងផុតទៅ បាននាំមកនូវលទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាពCMAC សំរេចបានសមិទិ្ធផលជោគជ័យគួរឲ្យកត់សម្គាល់ បើទោះបីជាក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលគំរាមកំហែងដល់សុខភាពសាធារណ: និងផ្តល់ការលំបាកដល់កិច្ចប្រតិបត្តិការរបស់អង្គភាពCMACមួយចំនួនដែរ ក៏ដោយ ក៏លទ្ធផលក្នុងឆ្នាំ២០២០ អង្គភាពCMACបានធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង៩,២០០ហិចតា ស្មើនឹងប្រមាណ១១៥% នៃផែនការពង្រាយកម្លាំងប្រតិបត្តិការជាក់ស្ដែង។ កិច្ចប្រតិបត្តិការពេញមួយឆ្នាំ២០២០ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣៩.២៤៩គ្រាប់។ ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន១៧.៣៦៣លើក ស្មើនឹង៥៥៦.២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១.១៧៦.៣១២នាក់។ គាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម ។ បញ្ចូលក្របខ័ណ្ឌនិងដាក់មន្ត្រីអង្គភាពឱ្យចូលនិវត្តន៍ចំនួន ៤៩២ នាក់។ ឆ្នាំ២០២០ បាននាំទៅជាមួយនូវបញ្ហាប្រឈម និងបទពិសោធន៍យ៉ាងច្រើនផងដែរ។
ក្នុងឆ្នាំ២០២១ អង្គភាពCMACមានផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនប្រមាណ ១១.៣០០ ហិចតា ផែនការនេះអាចរុករកនិងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ៤០.០០០គ្រាប់ ព្រមទាំងត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥.០០០ករណី។ ផែនការឆ្នាំ២០២១ ដែលជាផែនការមានលក្ខណៈរស់រវើកផ្អែកលើផែនការយុទ្ធសាស្ដ្ររបស់អង្គភាព ផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្ដ្រថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១។ ដើម្បីឆ្លើយតបតម្រូវការប្រតិបតិ្តការ អង្គភាពស៊ីម៉ាក់នចាំបាច់ត្រូវធ្វើកំណែទម្រង់ សំដៅពង្រឹងសមត្ថភាពក្រុម សម្ភារ:បំពាក់ មធ្យោបាយដឹកជញ្ជូន និងស្ថានភាពភូមិសាស្ដ្រចម្ការមីន/គ្រាប់ផងដែរ។ ក្នុងការរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីប្រតិបតិ្កការ អង្គភាពស៊ីម៉ាក់ប្រកាន់ទស្សនវិស័យជាមូលដ្ឋានចំនួន២គឺ ស្ថានភាពភូមិសាស្ត្រត្រូវប្រតិបត្តិការ និងស្ថានភាពតម្រូវការខាងសេដ្ឋកិច្ចសង្គមនៃសហគមន៍រងការគំរាមកំហែងដោយសារគ្រាប់មីន!
ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ដ្រី-បុគ្គលិកអង្គភាពCMACទាំងអស់ និងរូបខ្ញុំផ្ទាល់ សូមគោរពអរគុណប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដៃគូទាំងអស់ទាំងបរទេសនិងកម្ពុជា ដែលបានគាំទ្រនិងផ្តល់ការសហការបានល្អក្នុងឆ្នាំ២០២០ដែលធ្វើឱ្យកម្លាំងសរុបនេះ ក្លាយជាថាមពលសម្រេចបានជោគជ័យជាទីមោទន: ទោះបីជាក្នុងបរិបទកូវីដ១៩គំរាមកំហែងក៏ដោយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ