Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារ ដល់កម្ពុជាលើការងារបោសសម្អាតមីន

នូវែលសេឡង់៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានចាកចេញពី ប្រទេសសិង្ហបុរី។ មុននឹងចូលដល់កម្មវិធីទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា និងនូវែលសេឡង់ បានចូលរួមពិសាអាហារពេលព្រឹកការងារជាមួយគ្នាក្នុងបរិយាកាសដ៏ស្និទ្ធស្នាល រីករាយ និងប្រកបដោយផ្លែផ្កា។

នៅព្រឹកថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជជែកពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីនូវែលសេឡង់នូវសេចក្តីសោមនស្សរីករាយ ចំពោះទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម នៅប្រទេសនូវែលសេឡង់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។

ទន្ទឹមនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជាលើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍ដល់កម្ពុជា។ ក្នុងន័យនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំកម្ពុជា-នូវែលសេឡង់ តែងតែឆ្លៀតឱកាសជួបពិភាក្សាគ្នា។

ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសធ្វើបច្ចុប្បន្នភាពជូនភាគីមិត្តនូវការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×