តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិងមន្ត្រីនគរបាលស្រុកសំរោង នៅរសៀលថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជំរុញអោយមន្ត្រីនគរបាលនៅតាមមូលដ្ឋានត្រូវធ្វើការសហការគ្នាអោយបានល្អជាមួយនិងកំលាំងប្រជាការពារភូមិ ដើម្បីធ្វើការផ្តល់ពត័មានអោយគ្នាទៅវិញលើការគ្រប់គ្រងស្ថានភាពនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសធានាអោយបាននូវគោលនយោបាយភូមឃុំមានសុវត្តិភាព គ្មានចោលលួច ចោរឆក់ និងចោរប្លន់ លុបបំបាត់ចោលក្មេងទំណើង និងការប្រើប្រាស់គ្រឿងញៀន ដែលបច្ចុប្បន្នកំពុងជះឥទ្ធិពលខ្លាំងនៅតាមទីជនបទ ។
លោកស្នងការបានបន្តថា អធិការស្រុកត្រូវតែបង្កើនការទំនាក់ទំនងជាមួយនិងបងប្អូនប្រជាពលរដ្ឋ ជាពិសេសកំលាំងប្រជាការពារភូមិតែម្តង ព្រោះកំលាំងប្រជាការពារភូមិទាំងនេះ ពួកគាត់ ប្រៀបបានជាភ្នែកជាច្រមុះរបស់សមត្ថកិច្ចរបស់យើង ដែលសមត្ថកិច្ចរបស់យើងត្រូវការពួកគាត់ជួយលើការងារមួយចំនួន ដើម្បីធានាអោយបានលើភូមិសាស្ត្ររបស់យើងគ្រប់គ្រងមានសុខសុវត្តិភាព ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកស្នងការ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ យឹម សាមឿន អធិការរង ស្រុកសំរោង ដែលមានជំងឺប្រចាំកាយ(លើសឈាម) កំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ។ ជាមួយគ្នានោះលោកស្នងការក៏ បាននាំយកថវិកាមួយចំនួន និង គ្រឿងឧបភោគ បរិភោគ ដើម្បីជួយឧបត្ថម្ភគាំទ្រ ក៏ដូចជាការស្តែងចេញនូវទឹកចិត្តមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ រវាងថ្នាក់លើនិងថ្នាក់ក្រោម ជាពិសេសរឹតចំណងសាមគ្គីភាព មិត្តភាព ក្នុងក្របខណ្ឌនគរបាលជាតិផងដែរ ៕ តាកែវ