ប្រិយមិត្តបានដឹងហើយ ពីគូស្នេហ៍ដ៏ល្បីមួយគូ រវាងអ្នកលក់ឡេមេម៉ាយកូន១សាច់សខ្ចី អ្នកនាង Love Riya និងអ្នកពោះម៉ាយកូន១ដូចគ្នាគឺលោក ដែន សូនី។ តែទោះយ៉ាងណា គូស្នេហ៍នេះក៏បានធ្វើឲ្យមហាជនមានការហួសចិត្តផងដែរ ព្រោះថាមួយរយៈចុងក្រោយនេះ អ្នកទាំងពីរតែងឈ្លោះគ្នា និងក៏ត្រូវរ៉ូវគ្នាវិញ ធ្វើឲ្យគ្រប់គ្នាឈឺក្បាលជំនួសជាខ្លាំង។
ជាការពិតណាស់ ទោះជាមានរឿងឈ្លោះគ្នាជាញឹកញាប់ក៏ដោយ ក៏អ្នកទាំងពីរមិនព្រមបែកពីគ្នាឡើយ ដោយសារលោក សូនី តែងធ្វើចិត្តជាអ្នកចាញ់ រហូតដល់សម្រេចចិត្តថតរូប Pre-Wedding ជាមួយគ្នាកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថែមទៀត។
អ្វីដែលកាន់តែច្បាស់ទៀតនោះ គឺអ្នកនាង Riya ក៏បានបញ្ជាក់នៅក្នុងការ Live ដែរថា ក្រោយឆ្លងឆ្នាំសកលរួច អ្នកនាងនឹងជ្រើសរើសថ្ងៃល្អ សម្រាប់រៀបអាពាហ៍ពិពាហ៍ហើយៗ កម្មវិធីមង្គលការនេះ នឹងរៀបចំធ្វើឡើងនៅផ្ទះថ្មីរបស់ខ្លួនតែម្តង។
តែយ៉ាងណា ថ្មីៗនេះ លោក សូនី បានស្រាប់តែចេញមុខបកស្រាយការពិតថា រូបលោក និងអតីតភរិយា ពិតជាបានលែងលះគ្នាដាច់ស្រេចចូលជិត១ឆ្នាំហើយ ក្រោយពីអ្នកលេងបណ្តាញសង្គម ជាពិសេសនៅក្នុង Tik Tok នាំគ្នាវាយប្រហារចោទថា រូបលោក និងភរិយា រួមគំនិតគ្នាបោកប្រាស់អ្នកនាង Love Riya ដោយគ្មានស្រឡាញ់ដោយចិត្តស្មោះនោះឡើយ។
ទន្ទឹមរឿងនេះបានផ្ទុះឡើង អ្នកនាង Riya ក៏បានដាក់ឲ្យប្រូ សូនី ជាគូស្នេហ៍ឡើងចុកៗ និងជូនពរថា៖ «នឹងហើយអាណាប្រើអោយក្បត់ប្រពន្ធ ឥលូវចេញមុចមកសុំទោសប្រពន្ធកូនហើយ ត្រូវគ្នាវិញទៅ»។
មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះ អ្នកនាង Riya ក៏បានឡាយវីដេអូផ្អែមល្ហែមហាក់បញ្ឈឺប្រូ សូនី ដោយបង្ហាញសកម្មភាពមើលទៅស្និទ្ធស្នាលជាមួយនឹងបុរសម្នាក់ ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង តែយ៉ាងណា នេះគឺគ្រាន់តែជាលេងសើចបញ្ញាក់អារម្មណ៍ហ្វេនៗប៉ុណ្ណោះ ព្រោះថានៅគ្រានោះគេក៏បានលឺមាត់លោក សូនី ក៏នៅទីនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង