ភ្នំពេញ៖ រាជរដ្ឋាភិបាល លើកពេលរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងនឹងរៀបចំនៅឆ្នាំ២០២១ លើកទៅឆ្នាំ២០២២ វិញ។ រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ឱ្យរដ្ឋបាលខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំ២០២២ ខាងមុខនោះ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ករណីគោរពស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់លើកពេលរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២១ និងសូមគោរពអនុញ្ញាតឱ្យខេត្តកំពង់ធំធ្វើជាម្ចាស់ផ្ទះពិធីបុណ្យទន្លេឆ្នាំ២០២២។
យោង លិខិតលេខ១១៧១ លស.អអក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖ លើកពេលរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងរៀបចំនាឆ្នាំ២០២១ ទៅឆ្នាំ២០២២ ឱ្យរដ្ឋបាលខេត្តកំពង់ធំធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេនាឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ