ភ្នំពេញ ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យ កសិកម្មដែលបាននិងកំពុងប្រែក្លាយវិស័យមួយនេះ ពីរបៀបធ្វើកសិកម្មជាលក្ខណៈគ្រួសារ កសិកម្មតាមបែបប្រពៃណី មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម និងទំនើបកម្មកសិកម្មវិញ។
នៅទីស្តីការក្រសួងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីក្របខ័ណ្ឌថ្មី២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះជារបត់មួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងខណៈដែលកម្លាំងពលកម្មកសិកម្មបាននិងកំពុងមានការធ្លាក់ចុះជាបន្តបន្ទាប់ តាមការព្យាករណ៍របស់ក្រសួងបានបង្ហាញថាកម្លាំងពលកម្មនេះនឹងអាចធ្លាក់ចុះនៅត្រឹម២៩ភាគរយ នាឆ្នាំ២០៣០ និងឈានទៅដល់២២ភាគរយ នាឆ្នាំ២០៥០។ លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់មន្រ្តីចូលថ្មីឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ និងស្រាវជ្រាវលើគ្រប់មុខជំនាញបច្ចេកទេស ច្បាប់ និងសហលក្ខន្តិកៈមន្រ្តីរាជការ ដើម្បីបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតទាំងទ្រឹស្តីនិងការអនុវត្ត ធ្វើយ៉ាងណាប្រែក្លាយខ្លួនឲ្យទៅជាមន្រ្តីមានសមត្ថភាព ឆ្លាតវៃ រស់រវើក ស័ក្តិសមជាមន្រ្តីរាជការដែលមានឧត្តមភាពក្នុងការបំពេញការងារជូនក្រសួង ក៏ដូចជាជូនប្រទេស ជាតិ និងប្រជាជននាពេលអនាគត។
លោកបានបន្តថា “ក្រៅពីនេះក្មួយៗត្រូវគោរពវិន័យ ច្បាប់សហលក្ខន្តិកៈរបស់មន្រ្តីរាជការស៊ីវិល ក្រមសីលធម៌ និងត្រូវមានភាពទទួលខុសខ្ពស់សាកសមជាមន្រ្តីល្អ និងជាពលរដ្ឋល្អក្នុងសង្គម។ ត្រូវយកចិត្តទុកដាក់រៀនសូត្របន្ថែមពីរាមច្បងនូវរាល់ចំណុចខ្លាំងនិងចំណុចខ្សោយ ដោយត្រូវចេះបង្កើតជាចម្ងល់ សំណួរដើម្បីផ្លាស់ប្តូរបទពិសោធន៍ ឈានទៅរកដំណោះស្រាយត្រឹមត្រូវមួយដែលអាចអភិវឌ្ឍខ្លួនឯង និងអភិវឌ្ឍស្ថាប័នរបស់ខ្លួនឲ្យមានការរីកចម្រើន”៕ ដោយ ៖ បញ្ញាស័ក្តិ