Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ចង់បាន 12pro max ខំ​សន្សំ​លុយ​ដាក់​ក្នុង​កូនជ្រូក មានអី ១​ឆ្នាំក្រោយ លុយ​ជាង​១០​លាន ប្រែ​ទៅជា​….

​ភ្នំពេញ​៖ មនុស្ស​ភាគច្រើន ជាពិសេស​នារីៗ តែងតែ​សន្សំ​លុយ​ញាត់​ចូលក្នុង «​ធន​គារ​កូនជ្រូក » តាម​ខ្នាតតូច ឬ​ខ្នាត​ធំ ដែល​ទិញ​មកពីផ្សារ ដើម្បី​កាត់បន្ថយ​ការចាយវាយ​ខ្ជះខ្ជាយ​អស់​ដោយ​មិនដឹង​ខ្លួន​។ ពិតមែន​ហើយ មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​អាច​ដោះ​ទាល់​ការលំបាក​ក្នុង​គ្រា​ណាមួយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាចធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ល្អប្រសើរ​ផងដែរ ប្រសិនបើ​អ្នក​តាំងចិត្ត​សន្សំ​លុយ​តាមរយៈ​វិធី​មួយ​នេះ​។​

​តែ​យ៉ាងណា ការ​សន្សំ​លុយ​តាម​វិធី​នេះ ក៏ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា អាច​ប្រឈម​ហានិភ័យ​ទឹកភ្នែក​ផងដែរ ព្រោះថា ការ​ទុក​លុយ​នៅក្នុង «​កូនជ្រូក​» យូរ​ខែ គឺ​នឹង​អាចធ្វើ​ឲ្យ​ពុក​លុយ ឬ ក៏​ដុះ​ផ្សិត​ផងដែរ​។ ប៉ុន្តែ ការលើកឡើង​បែបនេះ មិនបាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​ពុំ​ធ្លាប់​ជួប​ផ្ទាល់ ជឿ​នោះឡើយ​។ ប៉ុន្តែ រឿងនេះ​គឺជា​ការពិត ដែល​តែង​កើតមានឡើង​ត្រូវបាន​សា​ម៉ី​ខ្លួន​បង្ហោះ​ឲ្យ​ឃើញ​នៅលើ​បណ្តាញ​សង្គម​ជារឿយៗ​។​

​ជាក់ស្តែង អ្វីដែល​យើង​គ្រប់គ្នា​ភាគច្រើន​មិន​ជឿ ឥឡូវនេះ​បានឃើញ​ច្បាស់​មួយ​ករណី​ទៀតហើយ គឺថា​លុយ​ជាង ១០ លាន​រៀល ត្រូវ​ដុះ​ផ្សិត ពុកផុយ​សឹងតែ​ទាំងស្រុង​តែម្តង ក្រោយ​សន្សំទុក​នៅក្នុង​កូនជ្រូក​ដី​អស់​រយៈពេល ១ ឆ្នាំ​។​

​នេះ​បើតាម​ម្ចាស់​សា​ម៉ី​ខ្លួន​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oun Vy Oun Pig បាន​បង្ហោះ​រៀបរាប់​និយាយ​លែងចេញ និង​ក៏​ដូច​ផ្តាំផ្ញើ​ទៅដល់​អ្នកដទៃ​ដែលមាន​បំណង​ដាក់​លុយ​ក្នុង​កូនជ្រូក​ថា​៖ «​អស់សង្ឃឹម​ហើយ​ទឹកភ្នែក​ក៏​មិន​ស្រក់​ដែរ 12pro max ក្លាយជា​12​ប៉ែត​ហើយ សុំ​ផ្តាំ​អ្នក​ដាក់​លុយ​កូនជ្រូក​ប្រ​យ​ត្ន័​ដូច​ខ្ញុំ​»​។​

​ក្រោយពី​បានឃើញ​បែបនេះ ក៏មាន​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម បាន​ណែនាំ​ឲ្យ​យកលុយ​ខូចខាត​ទាំងនោះ​ទៅ​ដូរ​នៅ​ធនាគារជាតិ​ទៅ អត់​កាត់ទឹក​ទេ​។ ប៉ុន្តែ ម្ចាស់​លុយ​បាន​ឆ្លើយ​ប្រាប់​ទៅវិញ​ថា អ្នកធ្វើការ​នៅ​នឹង​ថា ប្រហែល​មួយចំនួន​ដូរ​អត់​បាន​ដោយសារ​ផុយ​បាត់​រូបរាង​។ ម្ចាស់​លុយ​បន្តថា​៖ «​ដូរ​បាន​ខ្លះ តែ​ផុយ​ប្រហែល​៧​លាន​ម៉ត់​ចូលគ្នា​ដូរ​អត់​បាន​»​។​

​នៅពេល​សួរថា លុយ​ទាំងអស់​ប៉ុន្មាន​? នាង​ក៏បាន​ប្រាប់ថា លុយ​ទាំងអស់​ជាង ១០ លាន​រៀល និង​រើស​បានល្អ​តែ​២​លាន​រៀល​ប៉ុណ្ណោះ​។ ដោយឡែក នៅពេល​សួរ​មូល​ហេតុថា មកពី​ត្រូវ​ទឹក​ទេ​ដឹង​ចែ​? នាង​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា អត់​ត្រូវ​ទឹក​ទេ តែ​លុយ​ពុកផុយ តែ​ជ្រូក​១​ទៀត​មិន​អី ខូច​តែមួយ​ហ្នឹង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×