នារីវ័យក្មេងម្នាក់ម្នាក់ដែលធ្វើដំណើរពី Taping ទៅកាន់ Ipoh នៅលើរថភ្លើង ETS នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានមហាជនរិះគន់ជាខ្លាំង បន្ទាប់ពីនារីរូបនេះត្រូវបានគេប្រទះឃើញថាមិនបានពាក់ម៉ាស់ ខណៈពេលកំពុងជិះ ហើយបានបដិសេធពាក់ឡើយ បើទោះត្រូវបានស្នើរជាច្រើនដងក៏ដោយ។
នៅក្នុងការបង្ហោះមួយដែលត្រូវបានលុបចេញពីក្រុមហ្វេសប៊ុកឈ្មោះ Puchong News Group នៅថ្ងៃទី២៧ ធ្នូ អ្នកលេងអ៊ីនធឺណេតម្នាក់បានរៀបរាប់លំអិតអំពីអ្វីដែលបានកើតឡើង។
អ្នកលេងអ៊ីនធឺណេតម្នាក់ដែលគ្រាន់ប្រាប់ឈ្មោះហៅកាត់ថា A បាននិយាយថា គាត់បានកត់សម្គាល់ឃើញថានារីម្នាក់នោះដែលអង្គុយទល់មុខគាត់ មិនពាក់ម៉ាស់ ហើយបានសម្លឹងទៅកាន់នាងប្រហែលជា ១០ ទៅ ២០ នាទី មុនពេលស្នើសុំឲ្យនាងពាក់ម៉ាស់។
គាត់ថែមទាំងបានផ្តល់ម៉ាស់ថ្មីដល់នាង ដោយសន្មត់ថាម៉ាស់របស់នាងប្រហែលជាជ្រុះបាត់ ឬខូច។ ទោះយ៉ាងណា នារីរូបនោះបានប្រាប់ទៅគាត់វិញថា នាងមានម៉ាស់រួចហើយ តែនាងគ្រាន់តែមិនចង់ពាក់វាប៉ុណ្ណោះ។
មិត្តភក្តិរបស់លោក A បន្ទាប់មក បានត្អូញត្អែរទៅកាន់បុគ្គលិករថយន្តភ្លើងអំពីបញ្ហានេះ ភ្លាមៗនោះ សេចក្តីប្រកាសមួយក៏ត្រូវបានធ្វើឡើង ដើម្បីក្រើនរំលឹកអ្នកដំណើរទាំងអស់ ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ប៉ុន្តែ នារីនោះហាក់មិនអើពើនឹងរឿងនេះទាល់តែសោះ។ ហើយសូម្បីប្រធានក្រុមរថភ្លើង បានប្រាប់នាងដោយផ្ទាល់ថា ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នោះមនុស្សគ្រប់រូបត្រូវតែពាក់ម៉ាស់ ហើយភ្លាមៗនោះ នាងរូបនេះក៏បានឆ្លើយថា “ខ្ញុំបានពាក់វាអស់រយៈពេល ៤ ម៉ោងហើយ” ។
នារីរូបនេះថែមទាំងបានប្រាប់ប្រធានក្រុមដ៏គួរឲ្យហួសចិត្តថា៖ “ខ្ញុំជាអតិថិជន អ្នកមិនអាចស្រែកដាក់ខ្ញុំបានទេ” បើទោះបីប្រធានក្រុមមិនបាននិយាយគំហក ឬតំឡើងសម្លេងអ្វីដាក់នាងក៏ដោយ។
តែទោះយ៉ាងណា ខណៈនារីរូបនេះបានកត់សម្គាល់ឃើញថា លោក A កំពុងថតវីដេអូ ក៏បានស្តីបន្ទោសគាត់ថា “ពិតជាមនុស្សអត់ខួរមែន ដែលធ្វើរឿងនេះឡើង” មុនពេលសម្រេចចិត្តពាក់ម៉ាស់យ៉ាងស្ទាក់ស្ទើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង