ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាបានទទួលជ្រាបរួច កាលពីយប់មិញនេះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន ស៊ីណាត បានសម្តែងក្តីខឹងសម្បារយ៉ាងខ្លាំង ចំពោះអ្នកនាង ម៉េង កែវពេជ្ជតា ក្រោយទៅសុំទោសលោកជំទាវដល់ផ្ទះហើយ តែបែរជាឡាយនិយាយរឿងមួយចំនួនជុំវិញអ្នកនេះអ្នកនោះដកពាក្យបណ្តឹង រហូតធ្វើលោកជំទាវបានបង្ហោះសារដាក់ឲ្យយ៉ាងធ្ងន់ៗថា «បើនាងមិនខុស ហេតុអ្វីនាងមកផ្ទះខ្ញុំសុំទោសខ្ញុំធ្វើអ្វី ឬមួយនាងឃើញដីកាចោទប្រកាន់នាង និងស្នើសុំឃុំខ្លួននាងទើបនាងស្លរឈាម ឆ្លេឆ្លាអញ្ចើញមកផ្ទះនាងខ្ញុំ សន្តាននាង គេហៅសន្តានអស់កែហើយនាង ។ ខ្ញុំសូមជម្រាបដល់បងប្អូនកូនក្មួយ និង មិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ទាំងអស់ឲ្យជួយមើល តើមីមួយហ្នឹងមកសុំទោសខ្ញុំដល់ផ្ទះព្រមទាំងធ្វើលិខិតសុំទោសថែមទៀត តែអនិច្ចាមីមមាចនេះវាឡាយ ថាខ្ញុំដកពាក្យបណ្ដឹងវា។ នេះហើយខ្ញុំស្អប់អាប្បធម៌អន្តរាគមន៍អញ្ចឹងណាស់ បានជាមមាចនេះនេះវាឡើងចាងបែបហ្នឹង»។
តែយ៉ាងណា ក្រោយពេលលោកជំទាវ ហ៊ុន ស៊ីណា បានបង្ហោះសារដាក់បន្ទុកប្រើពាក្យធ្ងន់ៗមកខ្លួនបែបនេះ នៅពេលនេះតារាស្រីអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមកពន្យល់បកស្រាយការពិត បំណងកុំឱ្យលោកជំទាវ ហ៊ុន ស៊ីណាត យល់ច្រឡំ តាមរយៈការឡាយវីដេអូរៀបរាប់ថា៖ «សូមជម្រាបសួរបងប្អូនទាំងអស់គ្នា យប់មិញខ្ញុំសម្រាកមិនលក់ទេ ព្រោះតែការហួសចិត្តនឹងព័ត៌មានកាលៃពាក្យសម្តីខ្ញុំ នូវអ្វីដែលបានខ្ញុំនិយាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនបានសំដៅលើលោកជំទាវមីងសោះ។ ខ្ញុំចង់សួរទៅអ្នកបង្កើតសាច់រឿងដែលចោទថា នាងខ្ញុំរួចពីបណ្តឹងអស់ហើយ ដែលធ្វើឲ្យលោកជំទាវមីងមានការយល់ច្រឡំ និងរហូរក្តៅក្រហាយបែបនេះថា តើខ្ញុំបាននិយាយប៉ះពាល់លោកជំទាវ ហ៊ុន ស៊ីណាត ត្រង់ចំណុចណា? ម៉ោងណា? ក្នុងនាទីណា? ដែលខ្ញុំបានលើកយកឈ្មោះលោកជំទាវមកនិយាយ។ ការនិយាយពេលនោះ គឺនាងខ្ញុំបានបើកវង់ក្រចកថា កន្លងមក អ្នកដែលប្តឹងខ្ញុំមានចំនួន៣នាក់ ហើយខ្ញុំសូមអនុញ្ញាតដកលោកជំទាវមីងមួយ ដែលលោកអ្នកប្រហែលជាបានដឹងថាខ្ញុំនិយាយអំពីអ្នកណា ខ្ញុំសូមសំដៅតែមីង ហង់ បុរី ទេ ដែលគាត់ប្តឹងខ្ញុំ ហើយនិងភរិយាក្រោយរបស់ភរិយាក្រោយឯកឧត្តម មួង ឃីម អ៊ីចឹង លោកជំទាវមីង លោកជំទាវធំ អត់ពាក់ព័ន្ធទេ ខ្ញុំសូមបញ្ជាក់ ព្រោះអ្វីៗលោកបានបញ្ចប់ដោយការស្រឡាញ់អាណិត យល់ចិត្តរួចមកហើយ ហេតុនេះមិនត្រូវនិយាយពាក់ព័ន្ធនឹងរូបលោកទៀតទេ តែខ្ញុំសូមនិយាយតែមីង ហង់ បុរី និងភរិយាក្រោយរបស់ឯកឧត្តម មួង ឃីម ដែលពួកគាត់ទាំងពីរប្តឹងខ្ញុំដោយគ្មានអំណះអំណានត្រឹមត្រូវគ្រប់គ្រាន់ ហើយឥឡូវពួកគាត់បញ្ចប់ហើយ ខ្ញុំក៏មិនសុំទោស ក៏មិនបានអស់លុយដែរណាបងប្អូន សូមជម្រាបចា៎។
តាមរយៈចំណុចលើកយកមកជម្រាបជូនខាងលើនេះផងដែរ អ្នកនាង ម៉េង កែវពេជ្ជតា ក៏សូមបញ្ជាក់ជាថ្មីម្តងទៀតថា «នាងខ្ញុំចង់និយាយតែអ្នកដែលបានដកពាក្យប្តឹង២នាក់ប៉ុណ្ណោះ គឺគាត់ដក ប៉ុន្តែ ខ្ញុំមិនបានសំដៅទៅលើលោកជំទាវ ហ៊ុន ស៊ីណាត ទេ។ ប៉ុន្តែ ដល់ពេលសារព័ត៌មានមួយនោះយកមកចុះ បែរជាដាក់រូបនាងខ្ញុំ និងលោកជំទាវ ហ៊ុន ស៊ីណាត ទៅវិញ ហើយតែម្នាក់ទៀត តែអ្នកផ្សេងដែលនាងខ្ញុំនិយាយចំឈ្មោះនោះ អត់ដាក់? សួរថាតើនេះជាចេតនា ឬ យ៉ាងម៉េច ដែលធ្វើបែបនេះ គឺធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ឆេះកំហឹងហើយ»។
អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានលើកម្រាមដៃ១០ គោរពសុំការអភ័យទៅពីលោកជំទាវ ហ៊ុន ស៊ីណាត នៅចុងបញ្ចប់វីដេអូថា «សារថ្ងៃនេះ គឺក្មួយ ពេជ្ជតា ចង់ជម្រាបជូនលោកជំទាវមីងដោយជាទីគោរព ថាក្មួយមិនបាននិយាយប៉ះពាល់លោកទេ អត់មែនសោះ! ប៉ុន្តែ ថ្ងៃណាមួយ គឺក្មួយមានតែបង្ហោះសារអគុណដល់លោក ដែលមានក្តីមេត្តាចំពោះខ្ញុំ និងកូនៗ។ តែយ៉ាងណា សម្រាប់ថ្ងៃនេះ ក្មួយសុំអភ័យទោសចំពោះលោកមីងជំទាវ ហ៊ុន ស៊ីណាត សូមកុំប្រកែប្រកាន់ ឬក៏ចាប់កំហុសក្មួយអី នោះមិនមែនជាពាក្យដែលក្មួយបាននិយាយទេ គឺជាពាក្យរបស់អ្នកដទៃទេ បងប្អូនអ្នកទស្សនាធ្វើជាសាក្សី ដូច្នេះសូមលោកជំទាវដ៏ខ្ពង់ខ្ពស់ មេត្តាត្រជាក់ចិត្តផង ពីព្រោះនាងខ្ញុំស្រឡាញ់ គោរពលោកណាស់ នាងខ្ញុំមិនមែនគំនិតបត់បែន ឬក៏លាក់ពុតអ្វីទាំងអស់ និយាយដោយចិត្តស្មោះត្រង់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង