កាលពីពេលថ្មីៗនេះ រឿងរ៉ាវនៃការស្លាប់របស់នារីអាកាសចរណ៍ម្នាក់ នៅក្នុងប្រទេសហ្វីលីពីន បានកំពុងផ្ទុះពេញបណ្តាញសង្គម ក្រោយទទួលដំណឹងដ៏ក្រៀមក្រំមួយថា នាងត្រូវបានគេរកឃើញថាបានស្លាប់នៅខាងក្នុងសណ្ឋាគារមួយក្នុងទីក្រុងម៉ាកាទី ហើយការស្លាប់របស់នាងគឺករណីរំលោភបូកតែម្តង។
យោងតាម coconuts បានឲ្យដឹងថា នារីបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ នាង Christine Dacera អាយុ ២៣ ឆ្នាំ ត្រូវបានគេរកឃើញស្លាប់នៅក្នុងអាងងូតទឹកសណ្ឋាគារ Makati បន្ទាប់ពីនាងបានចំណាយពេលពេញមួយយប់ដើរលេងជាមួយមិត្តរួមការងារ និងអ្នកស្គាល់គ្នា។ នាងត្រូវបានគេនាំយកទៅសង្គ្រោះនៅមណ្ឌលសុខភាព Makati ប៉ុន្តែ ត្រូវបានគេប្រកាសថាស្លាប់នៅពេលមកដល់មន្ទីរពេទ្យ។ អាជ្ញាធរបាននិយាយថា រាងកាយរបស់នាងមានស្នាមរបួសដាច់ និងមានឈាម ហើយមានសញ្ញាបង្ហាញថានាងត្រូវបានគេរំលោភផ្លូវភេទ។
លោកវរសេនីយ៍ឯក Harold Depositar អធិការប៉ូលីសម៉ាកាទី បានប្រាប់កាសែត The Philippine Daily Inquirer ថា ពួកគេកំពុងស៊ើបអង្កេតករណីចាប់រំលោភជាបណ្តោះអាសន្ន ព្រោះពួកគេមិនទាន់ទទួលបានលទ្ធផល នៃការធ្វើកោសល្យវិច័យឲ្យបានស៊ីជម្រៅនៅឡើយ។ តែយ៉ាងណា លោក Despositar បានទទូចថា ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈគឺមានមូលដ្ឋានមួយ ព្រោះថា Christine ត្រូវបានពិនិត្យឃើញមាន “ទឹកកាមនៅក្នុងប្រដាប់ភេទរបស់នាង”។
គិតត្រឹមថ្ងៃនេះ មានតែជនសង្ស័យ ៣ នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួនក្នុងនោះមាន៖ ទី១-ឈ្មោះ John Pascual dela Serna III អាយុ ២៧ ឆ្នាំ ទី២-ឈ្មោះ Rommel Daluro Galido អាយុ ២៩ ឆ្នាំ និងទី៣-ឈ្មោះ John Paul Reyes Halili អាយុ ២៥ ឆ្នាំ។ ដោយឡែក ជនសង្ស័យ ៨ នាក់ ទៀត ប៉ូលីសម៉ាកាទីមិនទាន់រកនៅឡើយទេ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន 24 Oras អ្នកស្រី Sharon Dacera ម្តាយរបស់ជនរងគ្រោះបាននិយាយថា អ្នកស្រីបានអនុញ្ញាតឱ្យគ្រីស្ទីនទៅពិធីជប់លៀង ព្រោះអ្នកស្រីទុកចិត្តមិត្តរួមការងាររបស់នាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង