នារីអ្នកបម្រើលើយន្តហោះជនជាតិហ្វីលីពីនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកសណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុង Makati កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ដែលគេចោទប្រកាន់ថា នាងត្រូវបានរំលោភបូកដោយបុរសជាច្រើននាក់ នៅក្នុងពិធីជប់លៀងមួយនារាត្រីឆ្លងឆ្នាំ (countdown)។
កាសែត The Sun បានរាយការណ៍ថា នាង Christine Angelica Dacera អាយុ ២៣ ឆ្នាំ បានចូលទៅក្នុងសណ្ឋាគារ Hotel Garden នៅទីក្រុង Makati នៃរដ្ឋធានី Manila ប្រទេសហ្វីលីពីន ដើម្បីអបអរឆ្នាំថ្មី ជាមួយមិត្តភក្តិ និងមិត្តរួមការងារមួយចំនួន។
នៅម៉ោងប្រហែល ១០ ព្រឹក មិត្តរួមការងារម្នាក់របស់នាងនៅឯពិធីជប់លៀង មានឈ្មោះ Rommel Galida បានភ្ញាក់ពីដំណេក ហើយប្រទះឃើញនាងកំពុងនៅក្នុងកន្លែងងូតទឹក ហើយគិតស្មានថានាងកំពុងដេកធម្មតា។ គាត់បានយកភួយមកគ្របលើ Christine មុនពេលចូលគេង។
ទោះជាយ៉ាងណា នៅពេលគាត់ភ្ញាក់ឡើងជាច្រើនម៉ោងក្រោយមក គាត់បានរកឃើញថា នាងនៅតែសន្លប់ ហើយចាប់ផ្តើមប្រែទៅជាស្លេកស្លាំង។ បន្ទាប់មក នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Makati ជាកន្លែងដែលគ្រូពេទ្យប្រកាសថានាងបានស្លាប់ទៅហើយ។
លទ្ធផលនៃការធ្វើកោសល្យវិច័យមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែ រាងកាយរបស់ Christine មានស្នាមជាំ និងមានស្នាមដាច់លើខ្លួន រួមទាំងភ្លៅ និងជង្គង់របស់នាងផង។ យោងតាមលោកវរសេនីយ៍ឯក Harold Depositar អធិការនគរបាលក្រុង Makati បានឲ្យដឹងថា ការស៊ើបអង្កេតក៏បានធ្វើឱ្យមានការសង្ស័យថា គ្រីស្ទីនប្រហែលជាត្រូវបានគេចាប់រំលោភបូក ខណៈដែលមានការដាច់រលាត់ និងមេជីវិតឈ្មោល (ទឹកកាម) នៅក្នុងប្រដាប់ភេទរបស់នាង។
ក្រោយមក អាជ្ញាធរបានរកឃើញថា មានមនុស្សប្រហែល ១០ នាក់ បានចូលរួមពិធីជប់លៀងឯកជនមួយ នៅក្នុងបន្ទប់មួយដែលក្រុមនោះបានជួល។
ទន្ទឹមនឹងនេះ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថាតើ Christine បានប្រើប្រាស់គ្រឿងញៀន ឬស្រា ខណៈដែលមូលហេតុទីពីរនៃការស្លាប់របស់នាង ត្រូវបានគេសង្ស័យថាជាជំងឺសរសៃឈាម។
យោងតាម NST ប៉ូលីសបានដាក់ការចោទប្រកាន់ពីបទមនុស្សឃាត និងការរំលោភសេពសន្ថវៈបណ្តោះអាសន្ន ទៅលើបុរសចំនួន ១១ នាក់ ដែលនៅជាមួយ Christine កាន់កាប់បន្ទប់សណ្ឋាគារពីរជាប់គ្នា នៅពេលនាងដែលស្លាប់។
មានតែអ្នកឆ្លើយតប ៣ នាក់ ក្នុងចំណោម ១១ នាក់ ដែលបានចេញមុខទទួលបន្ទុកក្នុងករណីនេះ ប៉ុន្តែ អ្នកផ្សេងទៀតនៅមិនទាន់អាចសួរនាំបាននៅឡើយ។
លោក Depositar បានមានប្រសាសន៍ថា “ មានតែពួកគេ ៣ នាក់ប៉ុណ្ណោះដែលជាមិត្តភក្តិរបស់ Christine”។ ដោយឡែក អ្នកផ្សេងទៀត ជាមនុស្សចម្លែក ព្រោះពួកគេស្គាល់តែមិត្តភក្តិ៣នាក់របស់នាងប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង