ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យសមិទ្ធផល នៃការសាងសង់ផ្លូវជាតិលេខ៣ ដែលសម្រេចបាន ៩០% និងបន្តចុះពិនិត្យទីតាំងស្ថានីយថ្លឹងទម្ងន់រថយន្តក្រោមដីចំនួន២កន្លែង ដែលគ្រោងនឹងដំណើរការសាកល្បងនៅពេលខាងមុខ នៅលើផ្លូវជាតិនេះ ដើម្បីចាប់រថយន្តដឹកលើសទម្ងន់ ដែលនាំឲ្យផ្លូវងាយរងការខូចខាត។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនសាធារណជនថា ការសាងសង់ផ្លូវជាតិលេខ៣ គឺសម្រេចបាន ៩០% ហើយៗ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២១ ដែលការសាងសង់នេះគឺលឿនមុនការកំណត់ចំនួន១ឆ្នាំ។ តែលោកសូមបញ្ជាក់ថា ការសាងសង់លឿនមុនការកំណត់នេះ គឺមិនមែនលួចបច្ចេកទេស ឬ លួចគុណភាពនោះឡើយ ព្រោះថាក្រសួងតែងបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យយ៉ាងទៀងទាត់ និងលម្អិតបំផុត តាមលក្ខណៈបច្ចេកទេស។
ដោយឡែក ងាមកជ្រាបពីការដាក់ជញ្ជើងថ្លឹងបង្កប់ក្រោមដី ចាប់រថយន្តដឹកលើសទម្ងន់ ដោយស្វ័យប្រវត្តិផងដែរ លោកទេសរដ្ឋមន្ត្រីញ្ជាក់ផងដែរថា ក្រសួងនឹងដាក់ឱ្យដំណើរការសាកល្បង នូវជញ្ជីងថ្លឹងរថយន្តក្រោមដីចំនួន២កន្លែង នាពេលខាងមុខនេះ ដែលជញ្ជីងថ្លឹងរថយន្តក្រោមដីទាំងពីរកន្លែងនេះ មានបំពាក់កាមេរ៉ាច្បាស់លាស់ ហើយនៅពេលរថយន្តឆ្លងកាត់ គឺបានដឹងពីទម្ងន់រថយន្តតែម្ដង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បញ្ជាក់ឲ្យដឹងបន្ថែមថា ចំពោះកាមេរ៉ាចាប់ល្បឿន គឺមានចំនួន ១៤ គ្រឿង ក៏នឹងត្រូវបានបំពាក់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង