ភ្នំពេញ៖ពិធីប្រគល់និងទទួលបានធ្វើឡើងនាល្ងាចថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយឯកឧត្តមឃួងស្រេងប្រធានគណៈកម្មាធិការសាខា បានប្រគល់អង្ករចំនួន១៤០តោន ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបាន អង្ករចំនួន១០តោន ។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងសូមកោតសរសើរដល់អនុសាខាកាកបាទក្រហមខណ្ឌទាំង១៤ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាពនិងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្ត និងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតឲ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា៖ សម្រាប់អង្ករជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានប្រគល់ជូនដល់អនុសាខាទាំងអស់នាពេលនេះ គឺសម្រាប់ដើម្បីឲ្យអនុសាខានីមួយៗបន្តចាត់ចែងបែងចែកជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដល់ជីវភាពដោយសារស្ថានភាពជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅជួយសម្រាលដល់ការលំបាករបស់ពួកគាត់ដែលត្រូវការចាំបាច់ពីជំនួយរបស់យើង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ ។
ជាមួយគ្នានេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយអនុសាខាខណ្ឌទាំងអស់ សូមប្តេជ្ញាខិតខំស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីខណ្ឌនីមួយៗ ៕រក្សាសិទ្ធិដោយ៖CEN