ភ្នំពេញ៖ ប្រិយមិត្តជាអ្នកធ្វើដំណើរជាច្រើន ច្បាស់ណាស់ជាបានជ្រាបរួចហើយ ដែលកាលពីវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ គឺថាមានការកកស្ទះយ៉ាងខ្លាំងគួរឲ្យភ្ញាក់ផ្អើល ព្រោះតែមិនដឹងជាមនុស្សមកពីទីណាខ្លះ និងមកធ្វើអ្វីនោះទេ បានមកប្រមូលផ្តុំតម្រង់ជួរពេញដងផ្លូវ ស្ថិតនៅចំណុចផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ពោលគឺនៅចំណុចបុរីវិមានភ្នំពេញ (Office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh)។
តែក្រោយមក គេក៏បានដឹងថា មនុស្សម្នារាប់ពាន់នាក់ទាំងនោះ គឺជាអ្នកមានជំនឿ ផ្អើលភ្លូកទឹកភ្លូកដី សម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា ៤ ទៅ ៥ ជួរ រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាព និងហានិភ័យឆ្លងកូវីដ១៩ គឺដើម្បីមកទទួលយកស្ទីឃ័រ (កាត់ឆុង) ពីអ្នកគ្រូហុងស៊ុយ ឡុង ណាលី។
ទោះយ៉ាណា ជាការឆ្លើយតប និងការទទួលខុសត្រូវទៅនឹងករណីនេះ នៅមុននេះបន្តិចលោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំរួចហើយ ប៉ុន្តែមិនបានជួបគ្រូហុងស៊ុយនោះទេ ។ តែយ៉ាងណា អាជ្ញាធរក៏បានធ្វើលិខិតអញ្ជើញគ្រូហុងស៊ុយ ឡុង លីណា ឲ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករា ខាងមុខនេះ ដើម្បីធ្វើការណែនាំ ខណៈលេចឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួបជុំចែកស្ទីឃ័រកាត់ឆុងនេះជាថ្មីម្តងទៀត។
ទន្ទឹមនោះផងដែរ អភិបាលខណ្ឌឫស្សីកែវ ក៏បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការជួបជុំច្រើនបែបនេះទេ គឺត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈការរក្សាគម្លាតសុវត្ថិភាព និងមានទឹកអាកុលលាងដៃឲ្យបានត្រឹមត្រូវ ព្រោះថាទោះកូវីដ១៩ បានស្ងប់ស្ងាត់ទៅវិញក៏ដោយ ក៏យើងគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្នជានិច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង