បាត់ដំបង៖ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានលើកឡើងថា ទោះយ៉ាងនេះក្តី ពលរដ្ឋក្នុងខេត្តដែលនិយមដាំបន្លែនៅតែបន្ត និងពង្រីការដាំបន្លែ ដែលវាអាចរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ ទោះបីបន្លែប្រភេទខ្លះ តម្លៃក្នុងទីផ្សារមានការធ្លាក់ចុះ។
លោក អ៊ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាការដាំបន្លែក្នុងខេត្តបាត់ដំបង មានទាំងការដាំនៅទីវាលនិងនៅក្នុងរោងសំណាញ។ ពិសេសក្នុងអំឡុងនៃវិបត្តិកូវីដ១៩ និងក៏ដូចជាកាស្ដារការដាំដុះឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏ធំបានស្រកពលរដ្ឋបាននាំគ្នាដាំបន្លែ កំពុងរីកដុះដាលខ្លាំង។ ក្នុងចំណោមកសិករដាំបន្លែនេះ ពួកគាត់មួយចំនួនក៏បានទទួលពូជបន្លែពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ សម្រាប់ការដាំបន្លែនាពេលបច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង កសិករមានការយល់ដឹងច្រើន ពីបច្ចេកទេសដាំដុះ ដោយពួកគេចេះពិនិត្យស្ថានភាពដី ជ្រើសរើសពូជនិងការដាំបន្លែសុវត្ថិភាពជាដើម ដែលបន្លែប្រភេទនេះ មានទីផ្សារល្អ ។
ពលរដ្ឋរស់នៅឃុំកំពង់ព្រៀងស្រុកសង្កែ បាននិយាយប្រាប់ថា តំបន់ពួកគាត់រស់នៅ ក៏បានជួបនូវបញ្ហាទឹកជំនន់ កាលពីចុងឆ្នាំ២០២០កន្លងទៅផងដែរ បណ្ដាលឲ្យលិចលង់ផ្ទះ ដំណាំស្រូវ រួមទាំងដំណាំផ្សេងៗ ដែលបញ្ហានេះ ធ្វើឲ្យពួកគាត់ជួបនូវការលំបាកក្នុងគ្រួសារ។ តែយ៉ាងណាក្រោយទឹកជំនន់ទៅ ពួកគាត់ក៏បានទទួលនូវស្រូវពូជពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្ដារការធ្វើស្រែឡើងវិញ រួមទាំងការដាំបន្លែសុវត្ថិភាព ដែលអាចរកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសារ។
គួរបញ្ជាក់ផងដែរថា ការដាំបន្លែនៅក្នុងខេត្តបាត់ដំបង មានទាំងការដាំជាលក្ខណៈសហគមន៍ លក្ខណៈគ្រួសារនិងក្រុមហ៊ុន ដោយមានទីផ្សារនៅក្នុងខេត្ត រាជធានីភ្នំពេញ និងនាំទៅកាន់ខេត្តផ្សេងៗនិងនាំទៅប្រទេសថៃជាដើម ហើយសម្រាប់ការដាំបន្លែសុវត្ថិភាព ក្នុងរោងសំណាញយូវី ក៏មានការផុសផុសច្រើន ព្រោះវាមានតម្លៃថេរល្អនិងសម្បូរទីផ្សារ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ