ពេលនេះប៉ូលីសកំពុងតែពិនិត្យមើលវីដេអូបន្ថែមទៀត ដែលបង្ហាញពីសកម្មភាពរបស់នាង Christine Dacera ជាមួយបុរសម្នាក់ជាដៃគូ នៅសណ្ឋាគារម៉ាកាទី ជាកន្លែងដែលនាងត្រូវបានគេរកឃើញថាស្លាប់នៅថ្ងៃចូលឆ្នាំថ្មី។
យោងតាមវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពនៅលើ “24 Oras” ដែលថតនៅវេលាម៉ោង ២ និង ៥២ នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា Christine និងបុរសម្នាក់ កំពុងបណ្តើរកៀកកើយឱបថើបគ្នានៅលើច្រកផ្លូវមួយនៃបន្ទប់ក្នុងសណ្ឋាគារ។
នៅក្នុងវីដេអូមួយផ្សេងទៀតដែលបញ្ចេញនៅថ្ងៃទី១ ខែមករា វេលាម៉ោង ៤ និង១៣ នាទី ព្រឹក បុរសម្នាក់ទៀតស្ថិតក្នុងអាវយឺតពណ៌ស ត្រូវបានគេឃើញលើកបី Christine ដែលហាក់ស្ថិតក្នុងសភាពស្រវឹងទន់ខ្លាំង ខណៈពួកគេទាំងពីរកំពុងនៅលើផ្លូវមួយនៃបន្ទប់សណ្ឋាគារផងដែរ។
វីឯដេអូមួយទៀត ក៏បានបង្ហាញពី Christine នៅក្នុងក្រុមមនុស្សជាច្រើនផ្សេងទៀត នៅពេលនាងកំពុងនិយាយទូរស័ព្ទ។ ខណៈនៅក្នុងវីដេអូមួយទៀត Christine បានឈរនៅមុខកញ្ចក់បន្ទប់ទឹក រួមជាមួយបុរសពីរនាក់ផ្សេងទៀត។
លោកឧត្តមសេនីយត្រី Vicente Danao Jr ប្រធាន NCRPO បាននិយាយថា “នៅក្នុងវីដេអូនោះ យើងអាចមើលឃើញថាមនុស្សទាំងនោះគឺជានរណាខ្លះ មុនពេលនាងបានស្លាប់។ ពួកគេអាចត្រូវបានអញ្ជើញឱ្យទៅការិយាល័យរបស់យើង ដើម្បីបំភ្លឺពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។ លោកបានបន្ថែមថា “មានវីដេអូជាក់ស្តែងដូចច្នេះហើយ អ៊ីចឹងយើងនឹងកំណត់ថានរណានៅទីនោះ ហើយយើងនឹងអញ្ជើញពួកគេ”។
បុរសមួយចំនួនដែលនៅជាមួយ Christine នាថ្ងៃចុងក្រោយរបស់នាង បានមកទាក់ទងដំបូងជាមួយប៉ូលីស ខណៈពេលដែលម្នាក់បានបដិសេធការចោទប្រកាន់ពីបទរំលោភ។
ឥឡូវនេះ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតលើរូបភាពវីដេអូទាំងអស់ ដែលបានថតនៅក្នុងសណ្ឋាគារស៊ីធីហ្គ្រេនហ្គាដិន។
ទន្ទឹមនឹងនេះ អដ្ឋិធាតុរបស់ Christine ត្រូវបានគេនាំទៅជំរុំខេមរ៉ាម សម្រាប់ការមើលចុងក្រោយ មុនពេលនាំយកទៅកាន់ស្រុកកំណើតរបស់នាង នាឯទីក្រុងសាន់តូសស៊ីធី។
នៅព្រឹកថ្ងៃនេះ ការិយាល័យព្រះរាជអាជ្ញានៃទីក្រុងម៉ាកាទី បានបញ្ជាឱ្យដោះលែងមនុស្ស ៣ នាក់ ដែលបានជាប់ពាក់ព័ន្ធនៅក្នុងការស្លាប់របស់អ្នកបម្រើតាមយន្តហោះម្នាក់នេះ ហើយនឹងបានធ្វើការស៊ើបបន្តទៀតសម្រាប់ថ្ងៃទី១៣ ខែមករា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង