ជនសង្ស័យម្នាក់ក្នុងចំណោមជនជាប់ចោទ១១នាក់ ដែលរងការចោទប្រកាន់រំលោភទៅលើនារីបម្រើតាមយន្តហោះ Christine Dacera (ហៅ Tin) បានបដិសេធថាគាត់មិនបានចូលរួមក្នុងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នេះទេ។
ជនសង្ស័យ Gregorio Angelo Rafael de Guzman កូនប្រុសរបស់តារាចម្រៀងអ្នកស្រី Claire dela Fuente បាននិយាយកាលពីម្សិលមិញថា ការចោទប្រកាន់ថាគាត់បានរំលោភ Dacera គឺមិនសមហេតុផលទេ ពីព្រោះគាត់មិនមែនជាបុរសពិត។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន QRT, Gregorio បាននិយាយជាភាសាអង់គ្លេសនិងហ្វីលីពីន ក៏បញ្ចេញពីអារម្មណ៍ពិតៗរបស់ខ្លួនឥតលាក់លៀមថា “តើឲ្យខ្ញុំទៅការចាប់រំលោភនាងយ៉ាងដូចម្តេចទៅ? បើខ្ញុំជា ខ្ទើយហ្នឹង!។ ខ្ញុំមិនដែលរួមភេទជាមួយមនុស្សស្ត្រីទេ”។
Gregorio បានបន្ថែមថា “អ្វីដែលពួកគេកំពុងនិយាយចោទប្រកាន់ គឺធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ពួកគេមិនបានដឹងថាមានអ្វីកើតឡើងនោះទេ”។
Gregorio ដែលក៏ជាអ្នកបម្រើតាមយន្តហោះផងដែរ បានរៀបរាប់ឲ្យដឹងថា គាត់ត្រូវបានគេណែនាំឱ្យ Dacera ប្រញាប់ចូលគេងនៅក្នុងសណ្ឋាគារ Garden City នៃទីក្រុង Makati នៅយប់ដែលការស្លាប់របស់នាងបានកើតឡើង។ ដោយឡែក រូបគាត់បានចូលគេង បន្ទាប់ពីបានជប់លៀងជាមួយនាង និងគូកនដទៃទៀត បន្ទាប់មកភ្ញាក់ឡើង ក៏បានពេលឃើញនាងដេកសន្លប់នៅក្នុងអាងងូតទឹកសណ្ឋាគារតែម្តង។
គាត់បានទទូចថា គាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យ Dacera រស់ឡើងវិញ។
“ខ្ញុំបានពិនិត្យច្រមុះរបស់នាងដើម្បីមើលថាតើនាងនៅមានដង្ហើមឬទេ ហើយរកឃើញថា មិនមានអ្វីទាំងអស់។ ខ្ញុំបានពិនិត្យចង្វាក់បេះដូងរបស់នាង មិនមានអ្វីផងដែរ។ ខ្ញុំបាននិយាយថា “Tin Tin Bebe ក្រោកឡើងៗ” ។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមធ្វើចលនាសង្គ្រោះនាងបឋម ហើយបន្ទាប់មក ពួកយើងបាននាំយកនាងចេញពីក្នុងអាងទឹក។ កម្តៅខ្លួនរបស់នាងគឺនៅមាន ហេតុនេះហើយជាមូលហេតុដែលខ្ញុំគិតថា ខ្ញុំនៅតែអាចជួយសង្គ្រោះនាងបាន” ។
Gregorio និងអ្នកចូលរួមពិធីជប់លៀងផ្សេងទៀត បាននាំ Dacera ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយថែមទាំងបានរាយការណ៍ពីអ្វីដែលបានកើតឡើងទៅដល់ប៉ូលីស Makati ផងដែរ។
Gregorio ក៏បានបញ្ជាក់ឲ្យដឹងទៀតផងដែរ “យើងនៅទីនោះ យើងមិនបានបោះបង់ Dacera ចោលទេ គឺយើងនៅជាមួយនាងដល់ទីបញ្ចប់នៃការស្លាប់របស់នាង។ យើងមិនបានទុកនាងចោលទេ។ ដូច្នេះអ្វីដែលពួកគេកំពុងនិយាយគឺពិតជាឈឺចាប់ណាស់” ។
ចំណែក ម្តាយរបស់គាត់អ្នកស្រី Dela Fuente បានទទូចថា កូនប្រុសរបស់នាងដែលបានទូរស័ព្ទមកប្រាប់នាងអំពីការស្លាប់របស់ Dacera គឺគ្មានទោសពៃទេ។
អ្នកស្រីនិយាយថាថា “យើងមិនមានអ្វីត្រូវលាក់បាំងទេ ហើយខ្ញុំជឿជាក់លើកូនប្រុសរបស់ខ្ញុំ ព្រោះថា កូនប្រុសរបស់ខ្ញុំស្រលាញ់ភេទដូចគ្នា។ វាពិបាកនឹងសារភាពណាស់ តែខ្ញុំបានដឹងពីអត្តចរិកប្ញកពាររបស់គាត់តាំងនៅក្មេង។ ខ្ញុំពិតជាខ្លាចណាស់! ខ្ញុំគ្រាន់តែចង់ឲ្យមាននភាពយុត្តិធម៌មកលើកូនប្រុសខ្ញុំ។ យើងរំពឹងថានឹងមានភាពយុត្តិធម៌នៅទីនេះ។ យើងក៏កំពុងស្វែងរកយុត្តិធម៌ផងដែរ សម្រាប់ក្មួយស្រី Tin។
សូមបញ្ជាក់ថា Gregorio គឺជាបុរសម្នាក់ក្នុងចំណោមបុរស ១១ នាក់ ដែលត្រូវបានចោទប្រកាន់ដោយប៉ូលីសជាតិហ្វីលីពីន ពីបទមនុស្សឃាត និងការរំលោភសេពសន្ថវៈបណ្តោះអាសន្ន ទាក់ទងនឹងការស្លាប់របស់ Dacera ។
លោកវរសេនីយ៍ឯក Harold Depositar អធិការប៉ូលិស Makati បានទទូចថាការចោទប្រកាន់ពីបទរំលោភនេះ គឺមានមូលដ្ឋានដោយសំអាងថាជនរងគ្រោះមាន “ការដាច់រលាត់ និងមេជីវិតឈ្មោលនៅក្នុងប្រដាប់បន្តពូជរបស់នាង” ។
ទោះយ៉ាងណា CNN ហ្វីលីពីនបានរាយការណ៍ថា ការធ្វើកោសល្យវិច័យសាកសព មិនបាននិយាយអ្វីទាំងអស់អំពីការស្វែងរកដានទឹកកាមនោះទេ ប៉ុន្តែបានកត់សម្គាល់ថាមានការដាច់រលាត់ និងដាច់រហែកលើប្រដាប់ភេទរបស់ Dacera ។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា មូលហេតុផ្លូវការនៃការស្លាប់របស់ជនរងគ្រោះគឺ “ការដាច់សរសៃឈាមក្នុងខួរក្បាល”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង