ភ្នំពេញ៖វីដេអូថតពីខណៈពេលដែលយុវជនម្នាក់ ឡើងឆាកតន្រ្តីច្រៀងទុកជាចំណងដៃសម្រាប់កូនក្រមុំដែលជាអតីតសង្សារ ឃើញថាបានទទួលការចាប់អារម្មណ៍ និងការពិភាក្សាវែកញែកយ៉ាងច្រើន ពីសំណាក់មហាជន។
ពិតមានហើយ អាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់មនុស្សជាច្រើន ហើយអ្នករាល់គ្នាពិតជាចង់ទទួលបានពរជ័យពីមិត្តភក្តិ និងក្រុមគ្រួសារ។ តែយ៉ាងណា ការអញ្ជើញអតីតគូស្នេហ៍ មកចូលរួមមង្គលការរបស់អ្នក វាពិតជារឿងដ៏កម្រ ហើយករណីនេះផងដែរ បានបង្កឱ្យការជជែកវែកញែកដ៏ចម្រូងចម្រាសនៅលើបណ្តាញសង្គម។
ជាការពិតណាស់ រឿងរ៉ាវដ៏ក្រៀមក្រមុំនេះ បានធ្វើឲ្យកូនក្រមុំបង្ហាញនូវទឹកមុខរំជួលចិត្តស្រងោតស្រងាត់ជាខ្លាំង នៅពេលអតីតសង្សារបានឡើងបកស្រាយបទចម្រៀងស្នេហាមួយបទ ពោរពេញដោយអត្ថន័យចាក់ដោត ដែលជាហេតុធ្វើឲ្យនាងមិនអាចសប្បាយចិត្តបាន និងខូចចិត្តជាខ្លាំង។
អ្វីដែលគួរឲ្យស្រណោះនោះ គឺនៅពេលច្រៀងជិតចប់ បុរសនោះក៏បានមកអង្គុយនៅពីក្រោយកូនក្រមុំ និងកូនកំលោះ ហើយព្យាយាមញញឹមយ៉ាងស្រស់ស្រាយ។ សកម្មភាពនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណិតជាច្រើននាក់ ឃើញហើយរំជួលចិត្ត និងអាណិតដល់កូនក្រមុំផងដែរ។
ភ្លាមៗបន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះលើបណ្តាញសង្គម ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ហើយសហគមន៍អ៊ីនធឺណិតភាគច្រើន បានសម្តែងការរិះគន់ចំពោះសកម្មភាពរបស់អតីតសង្សារគាត់។
ក្រៅពីនេះក៏មានមតិជាច្រើនដែលថា កូនក្រមុំ ឬក៏ដូចកូនកំលោះ គួររៀនសូត្រពីបទពិសោធន៍ថាតើគួរត្រូវអញ្ជើញអតីតសង្សាររបស់ខ្លួន ទៅចូលរួមពិធីមង្គលការ ឬអត់ ដើម្បីចៀសវាងកើតមានករណី “ដំបៅដួងចិត្ត” និងធ្វើឱ្យបរិយាកាសនៃពិធីមង្គលការទាំងមូល ក្លាយជារឿងមួម៉ៅ និងមិនសប្បាយចិត្ត។
ក្នុងនោះ អ្នកលេងបណ្តាញសង្គម បានចូលរួមបញ្ចេញជាមតិយោបល់ថា៖ “ខ្ញុំគិតថាកូនក្រមុំ និងកូនកំលោះ នឹងមិនគួរអញ្ជើញអតីតរបស់ពួកគេ ឱ្យចូលរួមពិធីមង្គលការនោះទេ។ ព្រោះថា ៩ក្នុងចំណោម១០ករណី គឺកើតមានឡើងដូចនេះហើយ” ។ រីឯអ្នកខ្លះដាក់ឲ្យថា «មិនត្រឹមតែច្រៀងពីរោះទេ ហើយដាក់កាយវិការកម្សត់ថែមទៀត ធ្វើឲ្យមុខកូនក្រមុំរមួលក្រពើតែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង