ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនគឺជាហ្វេនៗ របស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ។ ហើយបើទោះជានាងបន្យល់ទុកនៅតែសម្លេងក្តី តែរាល់បទចម្រៀងទាំងអស់របស់នាង គឺនៅតែដក់ជាប់ក្នុងដួងចិត្តអ្នកស្តាប់ស្ទើរគ្រប់ពេល ព្រោះថាទឹកដមសម្លេងរបស់នាងផ្អែមស្រទន់ ដែលស្តាប់ទៅមិនចេះជិនណាយនោះទេ។
ក្នុងនោះផងដែរ បទចម្រៀងមួយបទរបស់កញ្ញា ខេមរៈ ស្រីពៅ គឺបទ «ក្រមុំស្រុកស្រែ» ពុំត្រឹមតែពីរោះទេ គឺថែមទាំងមានអត្ថន័យជ្រាលជ្រៅរៀបរាប់ពីក្រមុំស្រុកស្រែម្នាក់ កើតមកគ្មានអ្វីក្រៅពីភ្ញាក់ឡើងទៅស្រែ ឃ្វាលក្របី និងពុំដែលស្គាល់ទេទីក្រុង…. ឃើញថាទទួលការពេញនិយមស្តាប់យ៉ាងច្រើន។
ដោយសារតែឃើញបទនេះ មានការចាប់អារម្មណ៍ស្តាប់ច្រើន និងនៅតែពេញនិយមមកទល់សព្វថ្ងៃ ជាហេតុធ្វើឲ្យតារាចម្រៀងរូបសង្សា លោក អនុស្សាវរីយ៍ បានបកស្រាយបទចម្រៀងនេះឡើងវិញ ដោយប្តូរចំណងជើងទៅជា «កំលោះស្រុកស្រែ» និងកែទំនុកច្រៀង និងសាច់ភ្លេងបន្តិចបន្តួចប៉ុណ្ណោះ ហើយស្តាប់ទៅពិតជាពីរោះខ្លាំងដូចគ្នា។
ក្រោយឃើញបែបនេះ មហាជនជាច្រើនពិតជាសម្តែងនូវការនឹករលឹកដល់កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីរបស់កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត ជាខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង