តាមសារព័ត៌មាន filipinotimes បានចុះផ្សាយនៅថ្ងៃទី៨ មករា ឲ្យដឹងថា វិមានម៉ាឡាកាណាង (Malacañang) បាននិយាយថា ប្រធានាធិបតី Rodrigo Duterte បានប្តេជ្ញាថានឹងផ្តល់យុត្តិធម៌ដល់អ្នកបម្រើតាមយន្តហោះ Christine Dacera ។
អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតី គឺថាយុត្តិធម៌នឹងទទួលបានសម្រាប់ក្រុមគ្រួសារ Dacera ។ យើងនឹងដឹងការពិត”។
លោក Roque នៅបានឲ្យដឹងថា លោក Duterte នឹងមិនអាចឲ្យឧក្រិដ្ឋជនរួចខ្លួនឡើយ ប្រសិនបើភស្តុតាងត្រូវបានបង្ហាញពីទង្វើរបស់ពួកគេ។
គួររម្លឹកផងដែរថា នាង Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹក នៅឯសណ្ឋាគារ Makati បន្ទាប់ពីជប់លៀងជាមួយមិត្តភក្តិរបស់នាង នៅថ្ងៃបុណ្យឆ្លងឆ្នាំ (countdown)។
បុរស៣នាក់ក្នុងចំណោមនោះ ដែលត្រូវប៉ូលីសធ្វើការឃាត់ខ្លួន ក៏ត្រូវបានដោះលែងវិញ កាលពីថ្ងៃពុធ បន្ទាប់ពីមានការបញ្ជារបស់ព្រះរាជអាជ្ញាម៉ាកាទី ដែលបានកត់សម្គាល់ថា មានភស្តុតាងបន្ថែមទៀត ដែលចាំបាច់ដើម្បីកំណត់ថាតើវាជាករណីរំលោភសេពសន្ថវៈពិតប្រាកដ ឬ យ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង