សមាជិកព្រឹទ្ធសភា Manny Pacquiao និងលោក Eric Yap តំណាង ACT-CIS ត្រូវបានស្នើកាលពីថ្ងៃសុក្រ ឲ្យដកប្រាក់រង្វាន់ដែលពួកគេបានផ្តល់ជាថ្នូរនឹងការចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីនៃការស្លាប់របស់នារីអាកាសចរណ៍ Christine Dacera។
មេធាវីលោក Mike Santiago ដែលជាអ្នកប្រឹក្សាយោបល់របស់ជនសង្ស័យចំនួន៤នាក់ រួមានឈ្មោះ Clark Rapinan, Valentine Rosales, Rommel Galido និង John Pascual Dela Serna III បាននិយាយថា ប្រាក់រង្វាន់នេះនឹងដាក់អាយុជីវិតកូនក្តីរបស់គាត់ស្ថិតក្នុងភាពគ្រោះថ្នាក់។
លោក Santiago បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីមួយថា៖ «នោះជាមូលហេតុដែលយើងកំពុងអំពាវនាវដល់សមាជិកសភា Yap និងសមាជិកព្រឹទ្ធសភា ប៉ាក់គីអាវ ផងដែរ ដើម្បីដកប្រាក់រង្វាន់វិញ ព្រោះនេះប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់សុភាពបុរសទាំងនោះ។
Santiago បាននិយាយថា “គួរត្រូវពិចារណាថា មានមនុស្សដែលដើរតាមពួកគេ មានទាំងអ្នកដែលកំពុងឃ្លាំមើល និងថតវីដេអូនៅខាងក្រៅផ្ទះរបស់ពួកគេ។ ដូច្នេះយើងកំពុងអំពាវនាវឱ្យពួកគេដកប្រាក់រង្វាន់នេះ”។
មេធាវីរូបនេះបានបន្ថែមថា “ហើយវាមិនចាំបាច់មានប្រាក់រង្វាន់នោះទេ ពីព្រោះមានករណីបណ្តឹងនៅព្រះរាជអាជ្ញាម៉ាកាធី រួចហើយៗ យើងសុខចិត្តឲ្យកូនក្តីរបស់យើង ប្រឈមនឹងបណ្តឹងនេះ”។
លោកបានបន្ថែមថា ប្រាក់រង្វាន់ដែលផ្តល់ដោយ Yap និងសេ្តចប្រដាល់ ប៉ាក់គីអាវ គឺមិនចាំបាច់ទេ ព្រោះថាមានរឿងក្តីនេះបានប្តឹងមកកូនក្តីរបស់គាត់រួចហើយ។ គួរឲ្យដឹងផងដែរថា លោក យ៉ាប (Yap) បានផ្តល់ប្រាក់រង្វាន់ចំនួន ១០០,០០០ ប៉េសូហ្វីលីពីន (ប្រហែល ២,០០០ ដុល្លារអាមេរិក) ខណៈដែល ប៉ាក់គីអៅ ផ្តល់ជូន ៥០០,០០០ ប៉េសូហ្វីលីពីន (ជាង១ម៉ឺនដុល្លារអាមេរិក)។
គួររម្លឹកដែរថា នារីអូតែស Christine Dacera វ័យ ២៣ ឆ្នាំ ត្រូវបានគេសង្ស័យជាជំហានដំបូងថាដោយសារការរំលោភបូក ហើយបុរសចំនួន១១នាក់ ដែលពាក់ព័ន្ធចូលរួមធ្វើពិធី Countdown ថ្ងៃឆ្លងឆ្នាំ២០២០ ចូល ២០២១ ត្រូវចោទប្រកាន់រំលោភស្លាប់សម្លាប់នាង នៅក្នុងសណ្ឋាគារ Makati។ ហើយក្រោយមក មានរបាយការណ៍ផ្លូវការពីខាងអូស្ត្រាលី បានបង្ហាញថា មូលហេតុនៃការស្លាប់នាង Christine គឺបណ្ដាលមកពីការដាច់សរសៃឈាមក្នុងខួរក្បាល។ តែទោះយ៉ាងណា មកទល់ពេលនេះ មូលហេតុនៃការស្លាប់របស់នាង នៅមិនទាន់រកឃើញឲ្យដឹងច្បាស់នៅឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង