ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយ ជុំវិញរឿងរ៉ាវផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានឃើញមនុស្សម្នាខ្ទង់រាប់ពាន់នាក់ ភ្លូកទឹកភ្លូកដី មកពពាក់ពពួនតម្រង់ជួរគ្នា ពាសពេញដងផ្លូវ បង្កការកកស្ទះរហូតយប់អធ្រាត្រ ដោយមិនខ្លាចឆ្លងកូវីដសោះឡើយ ដើម្បីយកទទួលស្ទីកឃ័រកាត់ឆុងឆ្នាំ ពីអ្នកគ្រូហុងស៊ុយដ៏ល្បីឈ្មោះ ឡុង ណាលី ស្ថិតនៅចំណុចផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ពោលគឺនៅចំណុចបុរីវិមានភ្នំពេញ (Office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh) កាលពីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
ចំពោះករណីនេះផងដែរ ក្រោយមក ក៏ត្រូវបានលោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បញ្ជាក់ប្រាប់ឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំប្រជាពលរដ្ឋទាំងនោះដែលផ្តុំគ្នារកផ្លូវដើរពុំរួច អំពីណែនាំពីវិធានការរបស់ក្រសួងសុខាភិបាល មិនអាចជុំផ្តុំគ្នា ច្រើនបែបនេះទេ ព្រោះមានហានិភ័យខ្ពស់ អាចបង្កការឆ្លងកូវីដ១៩ ប៉ុន្តែ នៅពេលនោះ អាជ្ញាធរពុំបានជួបផ្ទាល់ជាមួយគ្រូហុងស៊ុយនោះទេ។ ហើយជាមួយគ្នានោះផងដែរ អាជ្ញាធរក៏បានធ្វើលិខិតអញ្ជើញគ្រូហុងស៊ុយ ឡុង លីណា ឲ្យទៅជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករា ដើម្បីធ្វើការណែនាំ ខណៈលេចឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ឆ្នាំ២០២១ ខាងមុខ នឹងមានការជួបជុំចែកស្ទីកឃ័រកាត់ឆុងនេះជាថ្មីម្តងទៀត។
ទោះយ៉ាងណា កាលពីថ្ងៃម្សិលមិញនេះ ត្រូវនឹងថ្ងៃទី៨ មករា ដែលត្រូវមកជួបអាជ្ញាធរខណ្ឌឫស្សីកែវ នារសៀលម៉ោង៣ ប៉ុន្តែ គេពុំបានឃើញមុខអ្នកគ្រូ ឡុង ណាលី ឬ តំណាងណាម្នាក់មកជួបនោះទេ។
ទាក់ទងនឹងករណីនេះ មន្ត្រីសាលា ខណ្ឌប្ញស្សីកែវ បានបញ្ជាក់យ៉ាងខ្លីថា ការមិនចូលខ្លួន ឬការលើកពេលនេះ ពុំត្រូវបានភាគីគ្រូស៊ុយ ឡុង ណាលី ប្រាប់មូលហេតុនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង