Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី១១ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

សម័យប្រជុំលើកទី១១ព្រឹទ្ធសភា បានពិនិត្យ និងយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទាំងមូល ដោយឥតកែប្រែចំនួន ៤៥ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ក្នុងឱកាសនេះ លោក គង់ សារាជ ប្រធានគណៈកម្មការទី ៩ ព្រឹទ្ធសភា បានអញ្ជើញរាយការណ៍ជូនអង្គប្រជុំអំពី ការពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់។ ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

គួររំលឹកផងដែរថា កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនេះ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមចំនួន ១២១ សម្លេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ ដូចខាងក្រោម៖ ១) បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម
២) បង្កើតបរិយាសធុរកិច្ចល្អប្រសើរ ៣) សម្រួលបម្លាស់ទីរបស់ប្រជាជន យានយន្ត និងទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ ៤) បង្កើនលក្ខខណ្ឌអនុគ្រោះដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។

សូមជម្រាបផងដែរ កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅឆ្ពោះទៅរកការអភិវឌ្ឍក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ប្រកបដោយនិរន្តភាព និងគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ និងគម្លាតផ្នែកសេដ្ឋកិច្ច សង្គម និងធ្វើឲ្យជីវភាព​រស់នៅរបស់ប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រសើរឡើង ព្រមទាំងកិច្ចសហប្រតិបត្តិការទូលំទូលាយ ក្នុងចំណោមប្រទេសទាំងបី ដែលត្រូវបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ដែលមានផលប្រយោជន៍ទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ៕ ដោយ៖បញ្ញាស័ក្តិ

×