ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានបេឡេឫស្សីកែវ ចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច សម្រេចលទ្ធផលបាន៦០%ហើយ ខណៈដែលស្ពាននេះត្រូវប្រើប្រាស់រយៈពេល៦ខែ ពោលគឺ គម្រោងនេះនឹងត្រូវបញ្ចប់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីសម្រួលចរារចណ៍ជូនប្រជាពលរដ្ឋ ខណៈស្ពានកម្ពុជា .ជប៉ុន បាននឹងកំពុងជួលជុល ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានអោយដឹងថា មកដល់ពេលនេះ ការដ្ឋានស្ពានបេឡេឫស្សីកែវ សម្រេចបាន ៦០% ហើយ ដោយក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។
ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។
ស្ពាននេះ មានប្រវែង ៥០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយបម្រើការការដ្ឋានសាងសង់ស្ពានបេតុងអារមេ និងជួយសម្រួលចរាចរដែលកំពុងកកស្ទះនៅស្ពានជ្រោយចង្វារ ដែលកំពុងដំណើរការជួសជុល។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែ ស្របជាមួយស្ពានបាឡេនេះ។ បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ស្ពានបេតុងដែលគ្រោងស្ថាបនា នៅអមជាមួយស្ពានបាឡេនេះ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។
ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ ក្រោមអនុសាសន៍ របស់សម្តេច តេជោ ហ៊ុន សែន៕ ដោយ៖កូឡាប