ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំបានទទួលជ្រាបហើយ ពីអន្ទិត ឡុង ចន្ថា ដែលទីបំផុតបានលាចាកសិក្ខាបទ ក្រោយផ្ទុះរឿងបែកធ្លាយសារឆាត និងខលញ៉ែស្រី ធ្វើឲ្យមហាជនជាច្រើននាំគ្នារិះគន់ និងជម្រុញឲ្យក្រសួងធម្មការ និងសាសនា ផ្សឹកសង្ឃរូបនេះ ដើម្បីកុំឲ្យខូចដល់សាសនា។
តែទោះយ៉ាងណា សង្ឃ ឡុង ចន្ថា មិនព្រមផ្សឹកឡើយ និងបន្តគេចខ្លួនដើរទេសនាធ្វើពុំដឹង ហើយរហូតដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ បានបង្ហោះសារនៅលើហ្វេសប៊ុក សម្ដែងការអរគុណដល់នាយកខុទ្ទកាល័យ ដែលជួយរកយុត្តិធម៌ឲ្យបន្តគង់នៅ បន្តភេទជាអ្នកបួសទៀត ។ ប៉ុន្តែនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏ប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា ខ្លួនបានលាចាកសិក្ខាបទមួយរយៈ។
ដោយឡែកថ្មីៗនេះ ក្រោយបាត់មុខយូរ សឹកជិត៣ខែ អន្ទិត ឡុង ចន្ថា បានធ្វើឲ្យមហាជន និងក៏ដូចអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឡាយវីដេអូរត់ឡានឈ្នួល ដឹកម៉ូយម្នាក់ទៅស៊ីការគេនៅខេត្តកំពង់ធំ។ នៅក្នុងការឡាយនោះ អន្ទិត ឡុង ចន្ថា បានឆ្លៀតនិយាយពីជីវិតក្រោយពេលសឹក ហាក់កំសត់យ៉ាងចាក់ដោតថា « សឹកហើយ នៅតែផ្ទះ ម៉ែនៅឯស្រុក មិនដឹងធ្វើអីបើមិនចេះធ្វើអីផង នៅតែផ្ទះជិះម៉ូតូលិចកើតៗជិះម៉ូតូធុញ ជិះឡានជិះឡានធុញជិះម៉ូតូ ចេះតែដើរទៅធ្វើម៉េច បើយើងមិនដឹងទៅណាទៅណី ទំនេរៗចាក់សាំង៥លីត្រទៅទិញលៀសហាល ២ កំប៉ុង នៅតាកែវ អ៊ីចឹងទៅ ហើយទៅផ្ទះទៅ អីវិញអ៊ីចឹងទៅ កំសត់ចង់ងាប់ មិនដឹងរកអី ធ្វើ អី អា លុយក៏គ្មាននិយាយទៅ គ្មានអ្វីទាំងអស់កម្សត់ណាស់…»។
ជាការឆ្លើយតបទៅនឹងអ្នកគាំទ្រ ចង់ឲ្យបួសវិញ អន្ទិត ឡុង ចន្ថា ក៏បាននិយាយដាក់ឲ្យថា «ពេលគេបួស ទេសនាឲ្យស្តាប់ហើយជេរគេ ដល់គ្មានអ្នកនិយាយឲ្យសើចសប្បាយចិត្ត តាំងអីណាឲ្យគេបួសវិញ ផ្គាប់ចិត្តមិនត្រូវមែន មនុស្ស!! ពេលបួសទេសនាសុខៗ ល្បីល្បាញរន្ទឺទៅ គេថាឯងបួសសន្សំលុយ អ្ហើយមាត់មនុស្សផ្គាប់ចិត្តមិនត្រូវ ខ្ញុំព្រះករុណាខ្ញុំបាទមិនដែលខ្វល់ពីសម្តីមនុស្សទេទានម្ចាស់ សំខាន់រត់ឈ្នួលពីតាកែវ-កំពង់ធំ តែ ១២០០០៛, ១៣០០០៛ ឬ ពីកំពង់ធំ-តាកែវ ១១០០០៛ ក៏ទៅ ហើយហ្វ្រីលៀសហាលទៀត»។ តែយ៉ាងណា អន្ទិត ឡុង ចន្ថា ក៏បានបង្ហើបឲ្យដឹងពីគម្រោងបួសវិញទៅដល់អ្នកគាំទ្រថា មិនបាច់បារម្ភទេ បន្តិចទៀតនឹងបួសវិញហើយ អាចមុនចូលឆ្នាំ និងក្រោយចូលឆ្នាំ ហើយបើមិនអ៊ីចឹងទេ អាច ៥ ឆ្នាំទៀតអ៊ីចឹង តែឥឡូវ ដើរហើរឲ្យឆ្អែតសិន អត់សុភាពរាបសារទេ ចេះទាំងអស់ឥឡូវ ផឹកក៏ចេះ ច្រៀងក៏ចេះ កុំឲ្យគេថាធ្លាប់តែបួសអត់ចេះធ្វើអី…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង