Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ខ្វះ​ទឹក​ស្រោចស្រព នៅ​ស្រុក​មោងឫស្សី ដើម្បី​នាំ​ទឹក​មក​សង្គ្រោះ​

​បាត់ដំបង​៖ មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ចុះ​អន្តរាគមន៍​នាំយក​ទឹកពី​ប្រភព​អាង​ស្តុក​ទឹកធំៗ​ខាងលើ មក​សង្គ្រោះ​ស្រូវ​ឲ្យ​បាន​ទាន់ពេលវេលា​និង​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ ស្រាល​ឬ​ស្រូវប្រាំង កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព នៅ​ចំណុច​ភូមិ​អង្គ្រង​និង​ភូមិ​ដូន​ទ្រី​ស្ថិតក្នុង​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី​។​

​ប្រជាពលរដ្ឋ បាន​លើកឡើងថា​ស្រូវ​របស់​ពួកគាត់​ដែល​កំពុង​ខ្វះ​ទឹក​នេះ គឺជា​ប្រភេទ​ស្រូវ​សែន​ក្រអូប ស្រូវ​អូ​អឹម​និង​ស្រូវ​ណាំ​បុ​ង​ជាដើម ដោយ​ស្រូវ​ខ្លះ​មាន​អាយុកាល​លើស​១​ខែ ខ្លះ​មូល​ដើម​និង​ខ្លះទៀត​កំពុង​ផើម ខណៈ​ស្រូវ​ខ្លះ​ក៏បាន​បែកចេញ​ផ្កា​ផងដែរ ។ ស្រូវ​ទាំងអស់នោះ​ខ្លះ​មានទឹក​នៅ​តិចៗ​និង​ខ្លះទៀត​គោក​ដី​បែក​ក្រហែង តែ​មិនទាន់​ក្រៀម​ស្វិត​នោះទេ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ ខ្លាច​ស្រូវ​ស្វិត​កាន់តែ​ធ្វើ​ឲ្យ​ជីវភាព​មានការ​លំបាក ខណៈ​ស្រូវ​កាលពី​ធ្វើ​នៅ​ដើមរដូវ​វស្សា ឆ្នាំ​២០២០ ក៏ត្រូវ​ទឹកជំនន់​លិច​រង​ការខូចខាត​អស់ ដូច្នេះ​ស្នើសុំ​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ត្រី​ជំនាញ​ធនធានទឹក ជួយ​អន្តរាគមន៍​នាំ​ទឹក​មក​សង្គ្រោះ​ជាបន្ទាន់​ផង​។​

​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ក្នុងពេល​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​ថា សម្រាប់​ស្រូវ​នៅ​ចំណុច​ភូមិ​ដូន​ទ្រី និង​ភូមិ​អង្គ្រង​នេះ គឺជា​ស្រូវ​ក្រៅ​ផែនការ​របស់​ខេត្ត ក្នុង​ការស្ដារ​ការដាំដុះ​ឡើងវិញ ក្រោយពី​ទឹកជំនន់​ស្រក​ទៅនេះ ខណៈ​ស្រូវ​ក្នុង​ផែនការ ត្រូវ​ស្ដារឡើងវិញ​មាន​ប្រមាណ ២​ម៉ឺន​ហិកតា កំពុងមាន​ទឹក​ដាក់​គ្រប់គ្រាន់​។ ប៉ុន្តែ​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រាប់​ឲ្យ​មន្ទីរ​តាម​ខេត្ត ក៏​ត្រូវតែ​គិតគូរ​ខ្វល់ខ្វាយ​ផងដែរ ក្នុង​ការជួយ​អន្តរាគមន៍ នូវ​ស្រូវ​ក្រៅ​ផែនការ​នេះ ដោយ​ត្រូវ​នាំ​ទឹក​ពី​ប្រភព​នានា ដើម្បី​យកមក​ស្រោច​ស្រពតាម​សំណូមពរ​របស់​ពលរ​ដ្ឋ​ទៅតាម​លទ្ធភាព​។ មន្ទីរ​នឹង​ខិតខំ​នាំ​ទឹក​ពី​ប្រភព​ទំនប់​អាង​បាសាក់​ស្ថិតក្នុង​ស្រុក​រុក្ខ​គិរី មកជួយ​សង្គ្រោះ​ស្រូវ​របស់​ពលរដ្ឋ​នៅក្នុង​ភូមិ​ទាំងពីរ​នេះ ឲ្យ​អស់ពី​លទ្ធភាព​និង​ឲ្យ​បាន​ទាន់ពេលវេលា តាម​ការចង់បាន​រប​ស់​ពលរដ្ឋ ដើម្បី​ជួយ​ស្ដារ​ជីវភាព​របស់​ពួកគាត់​ឡើងវិញ បន្ទាប់ពី​បាន​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ​២០២០​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×