ភ្នំពេញ៖ សិក្ខាសាលាចាប់ផ្តើម គម្រោងរៀបចំបង្កើត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន គឺជាការរួមចំណែកថ្មីទៀតរបស់ក្រសួងបរិស្ថាន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការចូលរួមកាត់បន្ថយ និងពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និង ចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងបើកសិក្ខាសាលា នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាហានិភ័យដែលយើងគ្រប់គ្នាកំពុងប្រឈម និងជាបញ្ហាអាទិភាពនៃការព្រួយបារម្ភ នៅសតវត្សរ៍ទី២១នេះ កម្ពុជាយើងក៏ជាប្រទេសងាយរងគ្រោះមួយផងដែរ ហេតុដូចនេះហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ ក្នុងក្របខ័ណ្ឌជាតិ ដូចជា ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលកម្ពុជា ២០១៤-២០២៣ និង បានសម្របសម្រួលក្នុងការរៀបចំផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលធាតុអាកាស ២០១៤-២០១៨ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ១៤ សំដៅធានាអោយបាននូវប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង ការរស់នៅដោយចីរភាព ជាពិសេសរួម ចំណែកក្នុងក្របខណ្ឌតំបន់ និង ពិភពលោកដោយកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ ១៩៩៦ ពិធីសារក្យូតូនៅឆ្នាំ២០០២ និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៧។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើរដល់ អ្នកចូលរួម បណ្តាញសារព័ត៌មាន ជាពិសេសក្មួយៗសិស្សានុសិស្សជាសិក្ខាកាម មកពីសាលាគោលដៅទាំង៥ សូមយកចិត្តទុកចំពោះការញែកសំរាមអោយបានត្រឹមត្រូវ និងកុំដុតថង់ប្លាស្ទិក ដើម្បីការពារបរិស្ថានយើងទាំងអស់គ្នា។
លោក សៅ សុភាព នាយកខុទ្ទកាល័យ និងជានាយក គម្រោងរៀបចំបង្កើត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលានេះ គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានក្រសួងបរិស្ថានជាប្រធាន ក្នុងគោលបំណងសំខាន់ ១.ផ្តល់នូវធាតុចូលនិងមតិកែលម្អទៅលើលទ្ធផលបឋម នៃការសិក្សាស្តីពីមូលដ្ឋានគ្រឹះ និងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ២. ពិនិត្យ និង ពិភាក្សារៀបចំផែនការឆ្លើយតបចំពោះភាពងាយរងគ្រោះទៅហ្នឹងការប្រែប្រួលអាកាសធាតុតាមសាលាគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង អាជ្ញាធរដែនដីក្នុងភូមិដ្ឋានសិក្សានីមួយៗ ៣.ស្វែងយល់ពីសារសំខាន់នៃគម្រោង និងកិច្ចសហប្រតិបត្តិការអនុវត្ត៕ ដោយ៖បញ្ញាស័ក្តិ