បុរសម្នាក់មកពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យអ្នកលេងអ៊ីនធើរណិតមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈត្រូវបានដឹងថា បុរសរូបនោះបានកក់ជើងយន្តហោះទាំងមូល សម្រាប់ការធ្វើដំណើរទៅកាន់កោះបាលី ក្នុងគោលបំណងការពារខ្លួនឯង និងភរិយារបស់គាត់ពីជំងឺ Covid-19។
លោក Richard Muljadi ដែលជាអ្នកលេងបណ្តាញសង្គមឥណ្ឌូនេស៊ីដ៏ល្បីម្នាក់ បានបង្ហោះនៅលើគណនី Instagram របស់គាត់នៅថ្ងៃទី៤ ខែមករា ដោយបានបង្ហាញខ្លួនអង្គុយនៅលើជើងហោះហើរទទេមួយ។ នេះបើតាមការចុះផ្សាយរបស់ The Indian Express។
ក្នុងនោះ លោក Muljadi បាននិយាយឡើងប៉ះសក់ថា “បន្ទាប់ពីខ្ញុំបានកក់កន្លែងអង្គុយឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន នោះវានៅតែថោកជាងការជួលយន្តហោះ PJ (យន្ដហោះឯកជន) ទៅទៀត។
គាត់ក៏បានចែករំលែកពីស្ថានភាព ដែលគាត់និងប្រពន្ធរបស់គាត់ ធ្លាប់មានភាពវង្វេងស្មារតី ដោយសារឆ្លងវីរុស Covid-19 ។ ដូច្នេះពួកគាត់បានសម្រេចចិត្តកក់ជើងហោះហើរទាំងមូលបែបនេះ គឺដើម្បីជៀសវាងការធ្វើដំណើរជាមួយអ្នកដំណើរផ្សេងទៀតដែលអាចផ្ទុកវីរុសនេះ។
ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ដែលពួកគេបានប្រើ បានបង្ហាញព័ត៌មានខ្លះ ដែលផ្ទុយនឹងការអះអាងខ្លះៗរបស់គាត់។
ក្រុមហ៊ុន Lion Air Group ដែលប្រតិបត្តិការ Batik Air បានបញ្ជាក់ថា អ្នកទាំងពីរបានស្ថិតនៅលើជើងហោះហើរលេខ ID-៦៥០២ ពីចាការតា ទៅកាន់ Denpasar នៅថ្ងៃទី៥ ខែមករា។ ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា មានតែ Muljadi ប៉ុណ្ណោះ ដែលមានលេខកូដកក់តែមួយដែលផ្ទុកអ្នកដំណើរពីរនាក់ គឺមិនដូចអ្វីដែលគាត់បានអះអាងនៅក្នុងការសរសេររបស់គាត់ទេ។ វាក៏មិនច្បាស់ថាតើគាត់បានទិញសំបុត្រផ្សេងទៀតនៅក្នុងការកក់ដាច់ដោយឡែកដែរ ឬទេ។
ជាការពិតណាស់ ប្រសិនបើគាត់បានកក់ជើងហោះហើរទាំងមូល គាត់នឹងត្រូវចំណាយប្រាក់ប្រមាណ ៧.៨៩៥ ដុល្លារអាមេរិក សម្រាប់កៅអីថ្នាក់អាជីវកម្ម១២ និងកៅអីថ្នាក់សេដ្ឋកិច្ចចំនួន១៥០ ។ តែទោះយ៉ាងណា ដោយសារតែងតែបុរសរូបនេះបង្ហាញពីរបៀបរស់នៅពោរពេញទៅដោយទ្រព្យសម្បត្តិហូរហៀរ និងការចំណាយទៅលើអ្វីៗដ៏មិនធម្មតា នៅលើបណ្តាញសង្គម នោះឱកាសកក់ជើងហោះហើរទាំងមូលបែបនេះ គឺគ្មានអ្វីអស្ចារ្យពីលទ្ធភាពរបស់គាត់នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង