ទូរទស្សន៍ CNN របស់ហ្វីលីពីនបានរាយការណ៍ថា សពនារីបម្រើលើយន្តហោះ នាង Christine Angelica Dacera ត្រូវបាននាំទៅកន្លែងសម្រាកចុងក្រោយរបស់នាង កាលពីថ្ងៃទី១០ ខែមករា គឺរយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីនាងត្រូវបានរកឃើញស្លាប់នៅក្នុងសណ្ឋាគារ City Garden Grand ក្នុងទីក្រុង Makati ក្នុងរាត្រីនាងជប់លៀងឆ្លងឆ្នាំថ្មី២០២១ ជាមួយបុរសចំនួន១១នាក់ ដែលគេសង្ស័យរំលោភនាង។
តែទោះយ៉ាងណា រហូតមកទល់ពេលនេះ មូលហេតុពិតប្រាកដនៃការស្លាប់របស់នាង នៅពុំអាចរកឃើញនៅឡើយ ខណៈការស៊ើបអង្កេតលើករណីរបស់ Christine សមត្ថកិច្ច និងជំនាញពាក់ព័ន្ធនៅតែបន្ត។
ដោយឡែក ក្រឡេកមកមើលទិដ្ឋភាពនាព្រឹកថ្ងៃទី១០ ខែមករា ដដែលនោះផងដែរ គេបានឃើញសាច់ញាតិ និងមិត្តភក្តិជិតៗស្និទ្ធរបស់នាងប្រមាណជាង ១០០ នាក់ បានមកកាន់ឧទ្យានឧស្សាវរីយ៍ Forest Lake ក្នុងទីក្រុង General Santos (ហ្វីលីពីន) ដើម្បីមើលមុខនាងជាលើកចុងក្រោយ ក្រោមសម្រែកទ្រហ៊ោយំដ៏សោកសង្រេង ស្តាយស្រណោះនាងជាពន់ពេក។
សូមបញ្ជាក់ផងដែរថា មឈូសរបស់ Dacera ត្រូវបានគ្រប់គ្រងដោយប៉ូលីស យកទៅកន្លែងបញ្ចុះសព។ អាជ្ញាធរហ្វីលីពីនបានពន្យល់ពីហេតុផលនៃសកម្មភាពនេះ គឺធ្វើឡើងដើម្បីធានាបានសុវត្ថិភាពសុខភាព ដោយត្រូវអនុវត្តតាមវិធានការបញ្ជៀសការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ដែលនៅតែស្មុគស្មាញនៅក្នុងប្រទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង