បាត់ដំបង ៖ សាលារៀននៅតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង បាននៅបន្តមិនទាន់ឲ្យសិស្សចូលរៀននៅឡើយ ព្រោះដែលយកធ្វើកន្លែងមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈសាលាផ្សេងៗនៅទូទាំងខេត្ត បានបើកបវេសនកាលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១រួចរាល់ហើយនោះ។
លោក វ៉ម សាម អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩ ការចុះឈ្មោះចូលរៀននៅខេត្តបាត់ដំបង ហាក់មានការយឺតយ៉ាវនៅតំបន់មួយចំនួន ដែលជាហេតុមិនទាន់អាចឲ្យមន្ទីរអប់រំ ធ្វើការបូកសរុបចំនួនសិស្សបានច្បាស់លាស់នៅឡើយ សម្រាប់ឆ្នាំសិក្សាថ្មីនេះ និងក៏មិនទាន់ដឹងថាការចុះឈ្មោះចូលរៀន មានការកើ
នឡើងឬធ្លាក់ចុះ បើធៀបនឹងឆ្នាំសិក្សាកន្លងទៅ។ សម្រាប់សាលាដែលត្រូវរដ្ឋបាលខេត្ត យកធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក ក៏មិនទាន់ឲ្យសិស្សចូលរៀន ហើយក៏មិនបានបញ្ជូនពួកគេឲ្យទៅរៀននៅសាលាផ្សេងៗនោះដែរ និងមិនទាន់ដឹងថាឲ្យពួកគាត់ចូលរៀនពេលណានោះទេ ខណៈនៅមានពលករខ្មែរឆ្លងដែនពីប្រទេសថៃជាបន្តបន្ទាប់នោះ។
លោក វ៉ម សាម អនុប្រធានមន្ទីរ បានអំពាវនាវដល់មាតាបិតាឬអាណាព្យាបាលសិស្ស ដែលមានកូនគ្រប់អាយុចូលរៀន ត្រូវនាំពួកគេមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់គ្នា នៅតាមសាលារៀនដែលស្ថិតនៅជិតបំផុត ហើយក៏រួមគ្នាបន្តអនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានជ្រើសរើសយកសាលារៀននៅក្នុងក្រុង ស្រុកចំនួន ១១សាលា ដើម្បីធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ ក្នុងនោះមានក្រុងបាត់ដំបង ស្រុកថ្មគោល សង្កែ កំរៀង សំពៅលូន ភ្នំព្រឹក បាណន់ បវេល មោងឫស្សី សំឡូតនិងស្រុកឯកភ្នំ ខណៈស្រុកខ្លះបានយកសាលារៀន ធ្វើជាមណ្ឌលចត្តាឡីស័កចំនួន ២កន្លែង ហើយបច្ចុប្បន្នក៏មានសាលាខ្លះ បានបញ្ចប់ការធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរនិងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញអស់ផងដែរ៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ