បុរសម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវ នៅក្នុងករណីស្លាប់របស់នារីអូតែសរងគ្រោះ បាននិយាយថា នាង Christine Dacera នៅតែមានដង្ហើមទេ នៅម៉ោង ១០ ព្រឹក ថ្ងៃចូលឆ្នាំថ្មីទី១ ខែមករា ប៉ុន្តែ នៅពេលចូលមកមើលនាងនៅម៉ោង ១២ ថ្ងៃត្រង់ ក៏បានរកឃើញថា បបូរមាត់របស់ Dacera បានប្រែជាពណ៌ស្វាយបាត់ទៅហើយ និងនាងក៏ផុតដង្ហើមនៅគ្រានោះ។
នៅក្នុងបទសម្ភាសន៍ជាមួយ ANC, Clark Rapinan ដែលស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ នៅក្នុងបន្ទប់ជាមួយនាង Dacera បាននិយាយថា នាងបានក្អួតរួចទៅហើយនៅក្នុងបន្ទប់សណ្ឋាគារដាច់ដោយឡែកមួយ សូម្បីតែក្អួតមុនម៉ោង ៤ ព្រឹក។
Rapinan មិត្តភក្តិដទៃទៀតមានគ្នាប្រហែល ៧ ទៅ ៨ នាក់ ស្នាក់នៅបន្ទប់លេខ 2207 បានប្រាប់គាត់យកចិត្តទុកដាក់ឲ្យមែនទែន ព្រោះថា Dacera បានក្អួតខ្លាំងនៅទីនោះ។
នៅម៉ោងប្រហែល ៦ ព្រឹក បន្ទាប់ពីពួកគេបាននាំ Dacera ត្រឡប់ទៅបន្ទប់របស់ពួកគេវិញ គឺបន្ទប់លេខ 2209 នាងក៏បានត្អូញត្អែរឈឺក្បាល ហើយចាប់ផ្តើមក្អួតម្តងទៀត។ នៅពេលនោះ Rapinan រួមជាមួយមិត្តភក្តិ ៥ នាក់ បានជួយនាង។
Rapinan ក៏បានបញ្ជាក់ឲ្យដឹងថា នៅម៉ោង ៨ ព្រឹក គាត់គឺជាមនុស្សម្នាក់គត់ដែលនៅជួយមើល Dacera ដែលបន្ទាប់មក នាងបានទទួចឲ្យជួយគ្រាទៅបន្ទប់អាងងូតទឹក ដើម្បីកុំឲ្យក្អួតប្រឡាក់ប្រឡូកគ្រែសណ្ឋាគារគេ។
ដោយឡែក មិត្តភក្តិរបស់នាង គឺ Rommel Galido បាននិយាយថា គាត់បានរកឃើញ Dacera នៅក្នុងបន្ទប់ទឹកនៅវេលម៉ោង ១០ ព្រឹក ដោយនៅពេលនោះ នាងនៅតែមានដង្ហើម។ នាងបានដាក់ដៃឱបពោះ ហើយបានធ្វើកាយវិការមួយឲ្យខ្លួនចាកចេញពីនាង ដោយទុកឲ្យនាងនៅម្នាក់ឯង។ តែយ៉ាងណា ជំនួសឲ្យការមិននាំយកនាងទៅគេងនៅគ្រែបន្ទប់វិញ Galido ក៏បានយកភួយមកដណ្តប់ឲ្យនាង។
Galido បន្ថែមបន្តថា៖ «ប៉ុន្តែ នៅពេលខ្ញុំវិលត្រឡប់មកមើលនាងនៅម៉ោង ១២ ថ្ងៃ ដើម្បីប្រាប់នាងថា ខ្ញុំត្រូវវិលត្រឡប់ទៅផ្ទះវិញហើយ ព្រោះខ្ញុំនៅតែជាប់បន្តធ្វើការងារ នៅពេលនោះ ខ្ញុំក៏បានកត់សម្គាល់ឃើញថា នាងលែងដកដង្ហើមបាត់ទៅហើយ ខណៈបបូរមាត់របស់នាងក៏ប្រែពណ៌ស្វាយ ប៉ុន្តែ មើលទៅនាងហាក់នៅតែមានជីវិត នៅពេលប៉ះនាង»។
ក្រោយពីបានឃើញបែបនេះ ភ្លាមៗនោះ Galido ក៏បានប្រញាប់ទៅដាស់មិត្តភក្តិ ៤ នាក់ផ្សេងទៀត ដែលកំពុងតែនៅក្នុងបន្ទប់ ដើម្បីមកជួយមើលនាង ហើយពួកគេក៏ចាប់ផ្តើមជួយសង្គ្រោះបឋមទៅនាង ។ ហើយបន្ទាប់មក ពួកគេក៏បានហៅបុគ្គលិកសណ្ឋាគារឲ្យជួយផងដែរ។
តែទោះយ៉ាងណា ជាអកុសល នៅពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថានាងបានស្លាប់បាត់ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង