Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ WWF និង​អគ្គនាយកដ្ឋាន​កៅស៊ូ ប្រកាស​ជា​ផ្លូវការ​​គម្រោង​ភាពជា​ដៃគូ​ពហុភាគី​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កៅស៊ូ​ប្រកបដោយ​និរន្តរភាព​

​ភ្នំពេញ​៖ អង្គការ WWF-​កម្ពុជា និង​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​អនុស្សារណៈ​យោគយល់​កាលពី​ម្សិលមិញ ដើម្បី​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ជា​លើកដំបូង​ក្នុង​ការកសាង​ដៃគូ​ពហុភាគី សម្រាប់​ការ​លើ​កម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​តម្លាភាព​ក្នុងប្រទេស​កម្ពុជា​។​

​ក្រោម​ជំនួយ​ថវិកា​របស់​ក្រសួង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (BMZ) របស់​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​អង្គការ Welthungerhilfe កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ពហុភាគី​នេះ កំពុង​ត្រូវបាន​អនុវត្ត​ក្នុងប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រួមមាន​ទាំង​ប្រទេស​ថៃ និង​ភូមា ផងដែរ​។​

​ក្នុងប្រទេស​កម្ពុជា កិច្ច​សហ​ប្រតិ​បិ​ត្ត​ការ​រយៈពេល​បី​ឆ្នាំនេះ បាន​ជម្រុញ​ការចូលរួម​និង​សហ​ការណ៍​ពី​ភាគី​ពាក់​ព័​ន្ឋ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​កសិករ​កៅស៊ូ​គ្រួសារ ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ជម្រុញ​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​ចីរភាព ព្រមទាំង​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​កសិករ​កៅស៊ូ​គ្រួសារ ជនជាតិដើម​ភាគតិច និង​កម្មករ​កៅស៊ូ​ផងដែរ​។​

​លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា​ថ្លែងថា​ការលើកកម្ពស់​ផលិតកម្ម​កៅស៊ូ​គ្រួសារ​ប្រកបដោយ​និរន្តរភាព​និង​ទំនួល​ខុសត្រូវ​ខ្ពស់​តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​បច្ចេកទេស​បាន​យ៉ាង​ល្អ​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​និង​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ​ផងដែរ តាមរយៈ​ការប្រើប្រាស់​ដី​ដាំ​កៅស៊ូ​ដែលមាន​ស្រាប់​ឲ្យ​អស់​សុពលភាព និង​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​។ ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​បាន​បើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​អង្គការ WWF-​កម្ពុជា លើ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជំនាញ​និង​មាន​ទំនួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​” ប្រសាសន៍

​លោក​ថា​៖«​អនុស្សារណៈ​យោគយល់​នេះ គាំទ្រ​ឆន្ទៈ​រួមគ្នា ក្នុងការ​បង្កើតឱ្យមាន​យន្តការ​ភាពជា​ដៃគូ​ពហុភាគី ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចែករំលែក​ចំណេះដឹង​និង​ព័ត៌មាន​ស្តីអំពី​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​និរន្តរភាព ព្រមទាំង​អាច​ចូលរួម​ក្នុង​គោលនយោបាយ​ជម្រុញ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​ចីរភាព​ផងដែរ​។ អនុស្សារណៈ​យោគយល់​នេះ ក៏​ផ្តល់ឱកាស​ក្នុង​ការកសាង​សមត្ថភាព​ក្នុងការ​អនុវត្ត​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព ខណៈ​លើកកម្ពស់​ការចូលរួម​ចំណែក​របស់​កសិករ​កៅស៊ូ​គ្រួសារ​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ក្នុង​សហគមន៍​របស់​ពួកគេ​។​»

​លោក ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ មានប្រសាសន៍ថា “​ការកសាង​សមត្ថភាព និង​បណ្តុះបណ្តាល​បច្ចេកទេស​ដ​ល់​កសិករ​ដាំ​កៅស៊ូ និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ បូករួម​ទាំង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កៅស៊ូ​នេះ នឹងធ្វើ​ឱ្យ​វិស័យ​កៅស៊ូ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ប្រកបដោយ​ចីរភាព​។​”

​ដើម្បី​ជា​ជំនួយស្មារតី​ក្នុងការ​អនុវត្ត​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​និរន្តរភាព អគ្គនាយកដ្ឋាន​កៅស៊ូ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ WWF និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា (CRRI) បាន​សហការ​បោះពុម្ពផ្សាយ​សៀវភៅ​ណែនាំ​បច្ចេកទេស​សម្រាប់​ការអនុវត្ត​កសិកម្ម​ល្អ (GAP) លើ​ការយក​ផល​ទឹក​ជ័រកៅស៊ូ និង​បានរៀបចំ​សិក្ខាសាលា​
​បណ្តុះបណ្តាល បូក​រួមទាំង​ការបង្ហាញ​ការអនុវត្ត​ដើម្បី​ទទួលបាន​បទពិសោធន៍​បច្ចេកទេស​ដោយផ្ទាល់​នៅតាម​ចម្ការកៅស៊ូ​គ្រួសារ​មួយចំនួន​ផងដែរ ទៅដល់​កសិករ​កៅស៊ូ​គ្រួសារ​ចំនួន និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ​របស់​រាជរដ្ឋាភិបាល សរុប​ចំនួន ៦០ នាក់ មកពី​ខេត្ត​ចំនួន ២០ នៃ​ប្រទេស​កម្ពុជា​។​

​បច្ចុប្បន្ននេះ កសិករ​កៅស៊ូ​គ្រួសារ ចំនួន ១០០ នាក់ ដែល​រស់នៅ​ជុំវិញ​សហគមន៍​តំបន់​ការពារ​ចំនួន​ប្រាំ នៅ​ជិត​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្រោម​ការគាំទ្រ​ដោយ​អង្គការ WWF បាន​ចូលរួម​ក្នុង​គម្រោង​នេះ​រួចមកហើយ ហើយ​គម្រោង​នឹង​បន្ត​ជម្រុញ​ការចូលរួម​របស់​កសិក​រ​កៅស៊ូ​គ្រួសារ​រហូតដល់ ៣០០ គ្រួសារ​ត្រឹម​ឆ្នាំ​២០២២៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×