បាត់ដំបង៖ ទំនិញស្រា អាហារងៀត នំនិងអាហារកំប៉ុងខូចគុណភាពចំនួនជិត ២តោន ត្រូវបានយកទៅដុតកម្ទេចោលនៅទីលានដុតសំរាមខេត្ត បន្ទាប់ពីស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចកាប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូក) សាខាខេត្តបាត់ដំបង ដកហូតបានពីអាជីវករលក់ដូរតាមផ្សារនិងតាមផ្ទះលក់ដូរ។
ក្នុងពេលដុតកម្ទេចទំនិញខូចគុណភាពនេះ មានការចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរងនិងព្រះរាជអាជ្ញាធរខេត្តលោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២១ ។
លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)សាខាខេត្តបាត់ដំបង បានមានប្រសាសន៍ថាទំនិញទាំងអស់នេះគឺត្រូវដកហូតបានកាលពីឆ្នាំ២០២០ ដែលមានទម្ងន់សរុបចំនួន ១៨១០គីឡូក្រាម ក្នុងនោះមានភេសជ្ជៈ ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម ។
លោក ផេង សិទ្ធី អភិបាលក្រុងខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា បងប្អូនអាជីវករ ត្រូវតែមានភាពស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួន ដោយដាក់តាំងផលិតផលមានគុណភាពល្អ ត្រូវចេះពិនិត្យមើលកាលបរិច្ឆេទទំនិញរបស់ខ្លួនមុននឹងដាក់លក់ ចៀសវាងមានបញ្ហាផ្នែកសុខភាព ដល់អ្នកបរិភោគឬប្រើប្រាស់ ពិសេសមុនយកទំនិញមកលក់បន្ត ត្រូវស្គាល់ទីតាំងផលិតឲ្យច្បាស់លាស់ ។ សម្រាប់អ្នកទិញវិញ ក៏ត្រូវយល់ឲ្យបានច្បាស់ផងដែរ ពីផលិតផលដែលគេលក់ឲ្យ ដោយពីមុនលក់ក្នុងតម្លៃថ្លៃ តែបែរមកលក់តម្លៃទាមជាងមុនឆ្ងាយ ត្រូវសួរនាំអ្នកលក់ឲ្យបានដឹងមូលហេតុឬពិនិត្យកាលឌឺឡេទំនិញទាំងអស់នោះ ឲ្យបានជាក់លាក់ មុនទិញយកទៅបរិភោគឬប្រើប្រាស់នោះ ហើយក៏ត្រូវចេះសិក្សាស្វែងយល់ពីអាហារឬទំនិញប្រភេទណា ដែលអាចបរិភោគបាន តាមអ្វីដែលជំនាញបានផ្សព្វផ្សាយនិងអប់រំពន្យល់ជាបន្តបន្ទាប់នោះ៕រក្សាសិទ្ធិដោយៈអ៊ុងសារុំ