នារីអាយុ ២០ ឆ្នាំម្នាក់ មកពី Sungai Petani បានចេញមុខព្រមានអ្នកដទៃឲ្យផឹកគ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ និងស្រឡាញ់រាងកាយខ្លួនឯង បន្ទាប់ពីនាងទទួលរង និងកំពុងរងទុក្ខលំបាកជាខ្លាំង ពីបញ្ហាសុខភាពមួយចំនួន ដោយសារតែលទ្ធផលផឹកស្រាច្រើនពេក។
នៅក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែមករា នារីឈ្មោះ Jia Ying បាននិយាយថា នាងចេះផឹកស្រាតាំងពីនៅក្មេងម្ល៉េះ ហើយតែងតែផឹកជានិច្ច ទោះបីនៅក្នុងព្រឹត្តិការណ៍អ្វីក៏ដោយ។ នាងបានលើកហេតុផលថា មិនអីទេព្រោះនាងនៅក្មេង ហើយសូម្បីតែផឹករហូតដល់ថ្នាក់ស្បថថាឈប់ហើយ ក៏នាងនៅតែបន្តផឹកដដែល។
នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍ថាផឹកច្រើនគឺត្រជាក់ចិត្តខ្លាំង”។
Ying បានឲ្យដឹងថា កាលពីឆ្នាំមុន (២០២០) នាងមានការងារធ្វើនៅក្នុងបារក្លឹបរាត្រី ហើយចាប់ផ្តើមផឹកស្រារាល់ថ្ងៃ ដូចជាការផឹកទឹកអ៊ីចឹង។ ទោះយ៉ាងណា នាងចាប់ផ្តើមក្អួតចេញឈាមនៅថ្ងៃមួយ ហើយបានទៅមន្ទីរពេទ្យដែលគ្រូពេទ្យបានប្រាប់ថា នាងមានឈាមក្រពះពោះវៀន ដែលជាលទ្ធផលទូទៅនៃការផឹកស្រាច្រើនពេក។
ប៉ុន្តែ នោះមិនបានបញ្ឈប់នាងឱ្យឈប់ផឹកទេ ព្រោះថា បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យ នាងបានត្រឡប់ទៅផ្ទះវិញ ហើយចាប់ផ្តើមផឹកស្រាជាប្រចាំដដែល។
នៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២០ Ying បាននិយាយថា នាងចាប់ផ្តើមមានការឈឺចាប់នៅក្នុងពោះ ហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកខ្នែងពោះវៀន ហើយត្រូវធ្វើការវះកាត់។
នាងនិយាយថា៖ «ខ្ញុំបានគិតថា បន្ទាប់ពីសម្រាកមួយរយៈ ខ្ញុំនឹងមិនអីទេ ហើយខ្ញុំអាចបន្តភាពសប្បាយរីករាយទៀត។ តើខ្ញុំអាចដឹងថា សុខភាពខ្ញុំមិនអាចគ្រប់គ្រងបានដោយរបៀបណាទេ?”។
បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ Ying បានចាប់ផ្តើមជួបបញ្ហាសុខភាពជាច្រើន ហើយត្រូវលេបថ្នាំក្រពះជាប្រចាំ។ នាងក៏បានឲ្យដឹងទៀតថា នាងមានជំងឺខ្យល់ក្នុងក្រពះ ដែលធ្វើឱ្យនាងមានអារម្មណ៍មិនស្រួល ហើយនាងក៏ចាប់ផ្តើមបាត់បង់ចំណង់អាហារ ដោយសារនាងលេបថ្នាំរាល់ថ្ងៃ។ នាងក៏មិនអាចញ៉ាំអាហារដែលហឹរ ឬជាភេសជ្ជៈត្រជាក់បានដែរ ព្រោះវាប៉ះពាល់ដល់ក្រពះរបស់នាង។
Ying បញ្ជាក់ថា៖ “ខ្ញុំជាទូទៅ តែងតែមានអារម្មណ៍ចង់ក្អួតចង្អោរ ដូចជានៅពេលស្ត្រីមានផ្ទៃពោះមានអាការចាញ់កូនអ៊ីចឹង” ។
នាង Jia Ying បានរៀបរាប់ឲ្យដឹងទៀតថា ចាប់តាំងពីពេលនោះមក នាងសាកល្បងផឹកថ្នាំគ្រប់ប្រភេទរួមទាំងថ្នាំបុរាណចិន ហើយព្រមទាំងលេបថ្នាំពេទ្យជាង ១០០ គ្រាប់ ក្នុងរយៈពេលតែ៣ខែ។
តែយ៉ាងណា នាងបានត្អូញត្អែរថា «ជាការពិតណាស់ ការចំណាយក៏ច្រើន! ខ្ញុំពិតជាឆ្ងល់ពីជីវិតរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានខែនេះណាស់! ព្រោះឈានចូលឆ្នាំ២០២១ នេះ ខ្ញុំមិនហ៊ានទទួលទានអ្វីដែលមានរសជាតិហិរ ឬជូរបានឡើយ»។
ជាចុងក្រោយ នាងចង់ប្រាប់ទៅកាន់អ្នករាល់គ្នា ជាពិសេសស្រីយ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែចង់ព្រមានអ្នកថា វាមិនមានបញ្ហាទេប្រសិនបើអ្នកនៅជាយុវវ័យមិនថាប្រុស ឬស្រី ហើយផឹកស្រាក្នុងកម្រិតមធ្យម។ តែកុំភ្លេចណា៎! ព្រោះអ្នកនៅក្មេង អ្នកអាចព្រងើយកន្តើយនឹងរាងកាយរបស់អ្នកដូចជារូបខ្ញុំអ៊ីចឹង។ អ្វីដែលសំខាន់បំផុតគឺត្រូវបរិភោគឱ្យបានទៀងទាត់។ ខ្ញុំមានអារម្មណ៍ថា ពេលនេះខ្ញុំមានរាងកាយដូចអាយុ ៥០ ឆ្នាំ ទៅហើយ។ ដូច្នេះសូមថែរក្សាខ្លួនអ្នក!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង