Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ជាតិ ស្តីពី​ដំឡូង​មី ២០២០-២០២៥ ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​មួយ ដែល​អាច​ជឿ​ទុកចិត្តបាន​សម្រាប់​ទីផ្សារ​ពិភពលោក​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥ ដោយមាន​ការ​អ​ញ្ញើញ​ចូលរួម ពី​តំណាង​ក្រសួង​ស្ថាប័ន​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥ ត្រូវបាន​ណែនាំ​ឱ្យ​បង្កើតឡើង​នៅក្នុង​ឯកសារ​គម្រោង​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំ​ចេញពី​កម្ពុជា​ដំណាក់កាល​ទី​ពីរ ផ្នែក​ដំឡូង​មី (CEDEP II) និង​មានចែង​នៅក្នុង​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៤-២០១៨ ហើយ​គោលនយោបាយ ជាតិ​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​ជា​អន្តរក្រសួង និង​ជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ហើយ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា គោលនយោបាយ​ជាតិ​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត​កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​មួយ ប្រកបដោយ​ភាពជឿ​ទុកចិត្ត​សម្រាប់​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​ពិភពលោក និង​មាន​គោលដៅ​សំខាន់​ចំនួន​៣ គឺ (​ទី​១) ការផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃណី​ឬ​គ្រួសារ ឱ្យទៅជា​ផលិតកម្ម​ដំឡូង​មី​បែប​ពាណិជ្ជកម្ម​(​ទី​២) ការគាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ឱ្យមាន​សក្តានុពល និង​ទាក់ទាញ​វិនិយោគ ដើម្បី​កែច្នៃ​ផលិតផល​ពី​ដំឡូង​មី ដែលមាន​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​(​ទី​៣) ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម តាមរយៈ​ការ​ជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ ដោយ​ផ្សារភ្ជាប់​ទៅនឹង​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូស​បញ្ជា់​ថា តាមរយៈ​ការវិភាគ ដំណាំ​ដំឡូង​មី​ត្រូវបាន​គេ​រកឃើញថា​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ហេតុនេះ​ដើម្បី​ទាញយក​សក្តានុពល​នេះ កម្ពុជា​គួរតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​របស់ខ្លួន​ដោយ​ពង្រឹងសមត្ថភាព ដែលមាន​ស្រាប់​និង​បង្កើត​សមត្ថភាព​ថ្មី​ដើម្បី​ចាប់យក​កាលានុវត្តភាពទីផ្សារ ដែល​កំពុង​រីកចម្រើន​សម្រាប់​កំណើនសេដ្ឋកិច្ច​រួម​និង​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន ក្នុងការ​ចូលរួម​ដើម្បី​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០៣០ និង​២០៥០ ជាក់ស្ដែង​នៅក្នុង​ឆ្នាំនេះ ការប្រមូល​ផល និង​ការផ្គត់ផ្គង់​មើមដំឡូង​មី​ស្រស់ ចូល​ទីផ្សារ​ពិភពលោក មាន​ចំនួន​រហូត​ទៅដល់​១២​លាន​តោន ដែលជា​ពិសេស​គឺ​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងកើត ដែល​ក្នុង​ចំណែក​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​ទាំងនេះ កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​ដ៏​ធំ ដែល​ស្ថិតនៅ​លំដាប់​ទី​៤ នៅក្នុង​តំបន់​អាស៊ី និង​លំដាប់​ទី​១០​នៅក្នុង​ពិភពលោក​។​

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ​ជាតិ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ដំណើរ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ដែល​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​បន្ថែម​ប្រកបដោយ​បរិ​យាប​ន្ន​ដល់​កម្ពុជា​ក្នុង​បរិបទ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​គាំទ្រ​ដល់​ផែនការ​របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅពេល​ខាងមុខ​។​
​សូម​ជម្រាបជូន​ថា​ដំ​ឡូ​ូ​ង​មី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាជន​នៅតាម​ទីជនបទ និង​បង្កើត​ការងារ​ថ្មី ក៏ដូចជា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​នៅក្នុង​ការដាំដុះ ការប្រមូល​ផល ការកែច្នៃ សម្រាប់​ការនាំចេញ ជាពិសេស​វា​ជា​ដំណាំ​ក​សិ​-​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ និង​មិនមែនជា​អាហារ​មូលដ្ឋាន​សម្រាប់​ចិញ្ចឹមជីវិត​របស់​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​វា​ជា​ដំណាំ​សំខាន់បំផុត​បន្ទាប់ពី​ស្រូវ ពោត និង​ស្រូវ​សាលី ហើយ​ត្រូវបាន​ដាំ​ដុះ​ដោយ​ប្រជាកសិករ​នៅតាម​ទីជនបទ និង​បាន​ក្លាយទៅជា​ដំណាំ​សក្តានុពល ដោយសារ​តំបន់​ដាំ​ដុះ និង​បរិ​មាណនៃ​ផលិតផល មានការ​ពង្រីក​ច្រើនឡើងៗ យ៉ាង​ឆាប់រហ័ស​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×